សង្គម

ក្នុងរយៈ​ពេល​១សប្តាហ៍​ នៃ​ការ​រឹតបន្តឹងច្បាប់​ចរាចរណ៍ ​សមត្ថកិច្ច​ចាប់យានយន្តល្មើស​ច្បាប់​បានជាង​១ម៉ឺនករណី ខណៈ​គ្រោះថ្នាក់ថយចុះជាង៥០ភាគរយ

គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបានឲ្យដឹងក្នុងសេចក្តីប្រកាស​របស់ខ្លួនថា ក្នុងរយៈ​ពេល​១សប្តាហ៍ នៃ​ការ​អនុវត្ត​ការ​រឹតបន្តឹងច្បាប់​ចរាចរណ៍ដែលផ្តើម​កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ច​បានធ្វើ​ការ​ពិន័យ​យានយន្ត​ល្មើស​ច្បាប់​សរុប​ចំនួន ១៣៩៦៨ករណី ដោយ​ក្នុងនោះ​មានទោចក្រ​យានយន្ត និង​ត្រី​ចក្រយានយន្ត​ចំនួន ១០៨១៥ករណី និង​រថយន្ត​ចំនួន ៣១៥៣ករណី។

បើតាម​គណៈកម្មាធិការថា​ ក្រោយ​ការ​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចណ៍​នេះ ឃើញថា ស្ថានភាព​ចរាចរណ៍​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះជាង​៥០ភាគរយ ហើយ​អ្នក​ស្លាប់​ថយចុះ ៤០ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩។

ជាមួយ​គ្នា​នេះ បើ​តាម​ការ​កត់សម្គាល់​របស់គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ថា អ្នក​ប្រើប្រាស់​ផ្លូវ​យ៉ាង​ច្រើន​លើស​លប់​នៅ​ទូទាំង​ប្រទេស​បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​យ៉ាង​ផុស​ផុល ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​គោរព​ច្បាប់ និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​មាន​ស្មារតី​បន្ត​អនុវត្ត​ភារកិច្ច​កាន់តែ​សកម្មខ្លាំង​ក្លា​ថែមទៀត៕