យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តតាកែវបានឲ្យដឹងថា ឃុំស្រែរនោង ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយដែលមានបងប្អូនប្រជាកសិករច្រើនគ្រួសារនិយមចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណី ដោយធ្វើឲ្យទីនេះក្លាយជាកន្លែងផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់បណ្តារាជធានីខេត្តនៅទូទាំងប្រទេស។
បើតាមលោក សូត សុផល និងភរិយា នូ សាវឿន រស់នៅភូមិសាមគ្គី ឃុំស្រែរនោង បានឲ្យដឹងថា គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយរកចំណូលបានពី៥០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយខែ។ លុះដល់ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន ១២០០គ្រាប់ ដោយអាចរកចំណូលបានពី ២លាន ទៅ៣លានរៀលក្នុងមួយខែ។
ដោយពិនិត្យឃើញថា របរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា យកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។ ហើយពេលនោះលោកចាប់ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី ដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩០០០ គ្រាប់ ក្នុងរយ:ពេល ៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហាន ភាពជោគជ័យកាន់តែល្អប្រសើរឡើង រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០ម៉ឺនគ្រាប់ក្នុងខែ ដោយទទួលចំណូលបានពី ៩លាន ទៅ១២លានរៀលក្នុងមួយខែ។
បើតាមការបញ្ជាក់របស់ សូត សុផល ក្រោយពីលោកទទួលបានជោគជ័យ និងក្នុងពេល នៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ផង មានអ្នកភូមិជាច្រើនបានងាកមកចាប់យករបរចិញ្ចឹមទាវិញ ដោយបច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រួសារ ហើសព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ដោយទីផ្សារធំបំផុតគឺរាជធានីភ្នំពេញ៕