កាលពីពេលថ្មីៗនេះមានការបែកធ្លាយពីសំណាក់ម្ចាស់ដីនិងមេកាគ្រឿងចក្រកាយដី ថាពួកគាត់មានធ្វើច្បាប់ត្រឹមត្រូវដើម្បីកាយយកអាចម៌ដីយកទៅចាក់ភូមិ តែកាយបានតែបន្តិចស្រាប់តែមន្រ្តីសាលាស្រុកចុះមកហាមឃាត់មិនឲ្យពួកគាត់កាយវិញ។
ម្ចាស់ដីបានអះអាងថា ដីដែលគាត់កាយស្ថិតនៅខាងលិចភូមិទួលសាំង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយគាត់រត់ច្បាប់តាមច្រកចេញចូលតែមួយនៅសាលាស្រុកអស់សេវា៣០ម៉ឺនរៀល។
ដោយសារភាពឈឺចាប់ពេក នៅពេលដែលចំណាយលុយទាំងលើតុ និងក្រោមតុហើយ គេនៅមកចាប់គ្រឿងចក្រទៀតនោះ ពួកគាត់ក៏ទម្លាយរឿងពុករលួយដែលប្រព្រឹត្តដោយមន្រ្តីសាលាស្រុកអង្គរបូរីថា ពួកគាត់បានចំណាយលុយឲ្យទៅលោក រស់ រត្ន័ អភិបាលរងស្រុកអង្គរបុរីចំនួន៤០ម៉ឺនរៀលជាថ្នូរនឹងការមិនចុះទៅឃាត់គ្រឿងចក្រ បើទោះជាមានច្បាប់ហើយក៏ដោយ និងចំណាយលុយ២៥ម៉ឺនរៀលទៀតឲ្យទៅលោក ឌឿ ជា អភិបាលរងស្រុក និងលោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរី តែពួកគាត់ទាំងនេះបែរជាមកហាមឃាត់គ្រឿងចក្រគាត់មិនឲ្យកាយអាចម៏ដីដដែល។
ពាក់ពន្ធ័ករណីខាងលើនេះ លោក ឡេង ខូវ និងលោក ឌឿ ជា បានទទួលស្គាល់ថា ពួកគាត់ពិតជាបានលុយមែនតែបានតែ១៥ម៉ឺនរៀលទេ មិនដូចការលើកឡើងរបស់ម្ចាស់គ្រឿងចក្រឡើយ។
ចំណែកលោក រស់ រត្ន័ អភិបាលរងស្រុកអង្គរបុរីដែលពលរដ្ឋ និងមេការអះអាងថា បានឲ្យលុយ៤០ម៉ឺនរៀលនោះ មិនធ្វើអត្ថាធិប្បាយទេ ដោយថា បើចង់ដឹងច្បាស់សូមឲ្យទៅជួបលោក៕