តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឲ្យដឹងថា រដូវធ្វើប្រហុកផ្អក នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ដែលរយៈពេលនេះ នឹងមានត្រីច្រើន។
រដ្ឋបាលជលផលបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹក ដែលហូរចេញពី បឹងទន្លេសាបរួច ឃើញថា គន្លងដាយ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រី បានច្រើន នៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ ៦កើត ដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ប្រសិនបើ មេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្សនេះ ឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ៕