ថ្លែងនៅក្នុងនាឱកាសផ្ញើសារជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុបឆ្នាំ២០២០នេះ។
សម្តេចតេជោបានបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានស្នើទៅលើជម្រើសមួយចំនួន ដោយក្នុងនោះ ជម្រើសទី ១- បើការឆ្លងនៅបន្ត នោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងរៀបចំដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ ជម្រើសទី ២- ករណីរង់ចាំដល់ពាក់កណ្តាលខែមករាឆ្នាំ២០២១ នៅមិនមានលទ្ធភាពដំណើរការប្រលងបាន ក្រសួងនឹងរៀបចំប្រឡងបាក់ឌុបនៅតាមវិទ្យាល័យរៀងៗខ្លួន និងជម្រើសទី ៣ – ករណីរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រសួងនឹងផ្អាកប្រឡងបាក់ឌុប ២០១៩-២០២០ ដោយជំនួសវិញវាយតម្លៃការប្រឡងឆមាស ដើម្បីកំណត់ការជាប់ ឬធ្លាក់ ។
សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានចារជូនសម្រាប់ការពិចារណាថា «ពេលនេះសភាពការណ៍នៅមិនទាន់ច្បាស់លាស់ យកជម្រើសទី ២ ។ ក្នុងករណីជម្រើសទី ២ មិនអាចអនុវត្តបាន សុំយកជម្រើសទី ៣ ។ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនអាចកើតមាននៅមុនថ្ងៃទី ១១ មករាឆ្នាំ២០២១ បានទេ ។
សម្តេចបន្តថា ដូច្នេះ ការបិទប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចនឹងកើតឡើងក្រោយថ្ងៃទី ២០ មករា ២០២១ ឯណោះ អ៊ីចឹងទេ សុំឲ្យក្រសួងអប់រំពិចារណាទៅលើលទ្ធភាពទី ៣ នៃការវាយតម្លៃ ដោយសារតែសិស្សរាប់រយលាននាក់លើពិភពលោក រួមទាំងកម្ពុជាផង មិនបានរៀនសូត្រទេ យើងត្រូវទទួលយកនូវហេតុការណ៍ពិតប្រាកដ គ្រូ សិស្ស ក៏អត់ទាន់មានវ៉ាក់សាំងការពារ ដូច្នេះគ្រូនិងសិស្ស មាតាបីតាសិស្សក៏មិនស្ងប់ចិត្តដែរក្នុងការឲ្យកូនទៅប្រឡងបាក់ឌុបនោះ ។
សម្តេចបានបញ្ជាទៅក្រសួងអប់រំឲ្យធ្វើការសម្រេចឲ្យបានលឿនៗថា ផ្អាកការប្រឡងបាក់ឌុបតែម្តង ដើម្បីធ្វើការវាយតម្លៃពិន្ទុឆមាស ដើម្បីសិស្សអាចត្រៀមខ្លួនបន្តការសិក្សានៅមហាវិទ្យាល័យ៕