ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការដករូបថតអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចេញពីក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា ការធ្វើដូច្នេះគឺជាផ្នែកមួយនៃការគោរពសិទ្ធបុគ្គល ហើយការដាក់រូបថតនេះ គឺអំឡុងពេលនៃសកម្មភាពប្រតិបត្តិការរុករក។
លោកជំទាវបញ្ជាក់ថា “យើងដាក់រូបថត នៅពេលដែលកំពុងរុករកប៉ុណ្ណោះ តែពេលនេះពុំត្រូវការទៀតទេ ដោយយើងត្រូវគោរពសិទ្ធិបុគ្គលផងដែរ ប៉ុន្តែក្នុងអំឡុងពេលនេះ គឺយើងត្រឹមដាក់ឈ្មោះសិន ហើយនៅពេលដែលយើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នោះ ក្រសួងនឹងបន្តដកទាំងឈ្មោះអ្នកវិជ្ជមានផងដែរ”។
ការថ្លែងដូច្នេះរបស់លោកជំទាវវេជ្ជបណ្ឌិត គឺពុំមែនមានន័យថា ក្រសួងសុខាភិបាលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នោះទេ ប៉ុន្តែគឺស្ថានភាពនៃការរកឃើញអ្នកវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយខ្លះៗហើយ។ ម្យ៉ាងគឺត្រូវគោរពសិទ្ធិបុគ្គលផងដែរ ព្រោះថាពុំមាននរណាម្នាក់ចង់ឱ្យមានការឆ្លងមកលើខ្លួនឯង ឬចម្លងទៅអ្នកដទៃនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏លោកជំទាវវេជ្ជបណ្ឌិតនៅតែទទូច សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថាវីរុសនេះបានឆ្លងចូលទៅក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់នៅឡើយ។
លោកជំទាវ ក៏បានស្នើថាកុំទាន់មានការសន្និដ្ឋានវាយតម្លៃពីព្រឹត្តិការណ៍នេះឱ្យសោះ ហើយត្រូវរងចាំការវាយតម្លៃពីក្រសួងសុខាភិបាលវិញ៕