(ភ្នំពេញ)៖ ដោយសារតែសងសឹកគុំនំចាស់រយះពេលជាង២ឆ្នាំ ប៉ូលិសពាក់ស័ក្តិ៤ម្នាក់នៅក្រសួងមហាផ្ទៃ បានដកកាំភ្លើងបាញ់សំដៅទៅរកគូសត្រូវចំនួន២គ្រាប់ បណ្តាលឲ្យត្រូវចំជើងមួយគ្រាប់និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់បែកខ្ទេច។ ហេតុការណ៍បាញ់ប្រហារនេះ កើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់ត្រូវបានគេស្គាល់ថាមានឈ្មោះ កេត ផារ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ មុនរបបជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ។ រីឯជនរងគ្រោះឈ្មោះ ប៊ុនស៊ិម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក ហើយជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ ខណៈមកដល់មុខផ្ទះ ស្រាប់តែជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតស្និត បានចុះពីលើរថយន្តរបស់ខ្លួនមិនចាំម៉ាកហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់មួយម៉ាត់ពីរ រួចដើរទៅជិះរថយន្តរបស់ខ្លួនវិញ ហើយបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកជនរងគ្រោះ ដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វារកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចបើករថយន្តគេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ ។
មួយសន្ទុះក្រោយមក ជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ រួមទាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់ហើយរុញដាក់គ្នា ទើបជនរងគ្រោះសម្រេចចិត្តយកសម្បកផ្ទុះនៅសល់មួយគ្រាប់ទុក រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ៕