សង្គម

ករណីក្រុមទាហានប្លន់លុយប្រជាពលរដ្ឋ​នៅ​ស្រុកអង្គរបូរី តុលាការ​កោះហៅ​មេ​បញ្ជា​ការ​សឹក​រងស្រុកអង្គរបូរី​ទៅ​សាកសួរ

ក្រៅតែពីក្រុមទាហាន​ចំនួន៥នាក់ ដែល​រងការ​ចោទ​ប្រកាន់ថា បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋជាអ្នក​ដឹក​ជ្រូក​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាម​នោះ សាលា​ដំបូង​ខេត្ត​តាកែវ បាន​កោះហៅ​មេ​បញ្ជា​ការ នៃតំបន់សឹករងស្រុក​អង្គរ​បូរី​ទៅ​សាកសួរ​ផងដែរ។

លោក អ៊ូច យី មេបញ្ជា​ការ​សឹក​រងស្រុកអង្គរបូរី ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​តាកែវ កោះហៅឲ្យ​ចូល​ខ្លួន​កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពីដំណើរ​រឿង ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស, គំរាម​ថា​នឹង​សម្លាប់, កំហែង​យក និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ប្រឡាយ០៥ ភូមិ​ភ្នំបូរី ឃុំ​ព្រែក​ផ្ទោល ស្រុកអង្គរ​បូរី ខេត្ត​តាកែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២០២០។

យ៉ាងណាក៏ដោយ ពេល​នេះ​ តុលាការ​បាន​នឹង​កំពុង​ដំណើរ​ការ​នីតិវិធី​របស់​ខ្លួន ហើយ​ក៏​មិន​ទាន់​ដឹង​ថា តុលាការ​គ្រោង​នឹង​បើក​សវនាការ​ពាក់ព័ន្ធសំណុំ​រឿង​នេះ​នៅ​ពេល​ណា​នោះដែរ។

គួរ​រំលឹក​ថា កាល​ពីល្ងាច​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​​ នៅ​ចំណុច​ប្រឡាយ ០៥ (សូន្យ​ប្រាំ​) ស្ថិត​ក្នុង​ឃុំ​គោគ​ធ្លក ស្រុក​អង្គរបុរី ខេត្ត​តាកែវ មាន​ក្រុម​ទាហាន​មួយក្រុម ដែល​មាន​គ្នា​ចំនួន​៥នាក់​ ដឹកនាំដោយ​លោក គឹម ហាង ដែល​ជា​មេបញ្ជាការ​សឹក​រងស្រុក​អង្គរ​បូរី ប្រដាប់ដោយ​អាវុធ បាន​ធ្វើសកម្មភាព​ចាប់ចង​ដៃ​ចងជើង​ពល​រដ្ឋ​ម្នាក់ និង​បានវាយ​ដំ​ថែម​ទៀត ដោយ​ក្រុម​ទាហាន​ទាំង​នោះ​ទាម​ទារប្រាក់​ចំនួន​២០ម៉ឺន​រៀល។

តាមការ​រៀប​រាប់​របស់​ជនរងគ្រោះ​ថា ខ្លួន​ជា​អ្នក​ដឹកជ្រូក​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​គោរព​តាមច្បាប់​របស់​រដ្ឋ តែ​នៅ​ថ្ងៃកើត​ហេតុ ខណៈ​ពេល​ខ្លួន​កំពុង​យាម​ជ្រូក​ត្រៀម​ដឹក​តាម​ទូក​ទៅ​ប្រទេស​វៀតណាម​នោះ ស្រាប់​តែ​មាន​ក្រុម​ទាហាន​មួយក្រុម​ដឹក​នាំ​ដោយ​លោក គឹម ហាន មេបញ្ជាការ​ង​យោធា​ស្រុក​អង្គរបុរី និង​រថយន្ដ​២គ្រឿងប្រដាប់​ដោយ​អាវុធ​អា​កា​គ្រប់​ដៃ​បានចូល​មកសម្លុត និង​ចាប់ចង​ដៃ​ចងជើង​ខ្លួន រួច​វាយតប់​តាមអំពើចិត្ត និង​យកកាំភ្លើង​អា​កា​ភ្ជង់ ហើយ​គម្រាម​ថា នឹង​បាញ់​បំ​បែកក្បាល​ចោល​បើហ៊ាន​តដៃ។

ជនរងគ្រោះ​ថា ក្រុម​ទាហាន​ខាង​លើ​បានសម្លុត​គាត់​ឲ្យ​បង់លុយ​ឲ្យ​ពួក​វាចំនួន​២០ម៉ឺន​រៀល តែជនរងគ្រោះ​មិនឲ្យ ដោយ​សម្អាង​ថា ខ្លួន​មិនមាន​ខុស​អី ទើប​ក្រុម​ទាហាន​ទាំង​នោះ​បាន​ធ្វើសកម្មភាព​ឃោរឃៅ​បែបនេះ​តែម្ដង ហើយ​ក្រោយ​ធ្វើសកម្មភាព​រួច​ជនសង្ស័យ​ជាទាហាន​បានបើក​រថយន្ដ​រត់ចេញ​ទៅ​បាត់៕