មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ បានផ្ទុះកំហឹងរហូតដល់ដកកាំភ្លើងបាញ់ប្រហារទៅលើមន្រ្តីពន្ធដារ ក្រោយពីមានទំនាស់ក្នុងវង់ផឹកស៊ី ធ្វើឲ្យកើតរឿងក្តៅក្រហាយរហូតដល់ថ្នាក់លើចាត់វិធានការហៅមកសួរនាំថែមទៀតផង។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីនេះ លោកឧត្តមសេនីយ៍ សៅ សុខា បានឲ្យខាងអធិការកិច្ចចុះទៅធ្វើការពិនិត្យ ហើយមេបញ្ជាការខេត្ត ក៏បានធ្វើរបាយការណ៍ និងបានហៅបុគ្គលនោះមកអង្គភាពហើយដែរ។
សូមបញ្ជាក់ថា រឿងរ៉ាវនៃជម្លោះនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណ១៩’៣០នាទី ថ្ងៃទី០៤-១២- ២០២០ នៅចំណុច ហាង តារា ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយឈ្មោះ គង់ តារា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកត្រពាំងប្រាសាទ បានដកកាំភ្លើងខ្លី ម៉ាកឡុក ១៩ បាញ់ចំនួន០១ គ្រាប់ គំរាម បង្ហើ ខាងលើក្បាលជនរងគ្រោះ ឈ្មោះនូវ សារ៉ាវ័ន្ត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ មានទីលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្រោយពីទាស់សម្ដីជាមួយឈ្មោះ នូវ សារ៉ាវន្ត័ ដោយ គង់ ដារ៉ា បង្ខំឲ្យផឹកស្រា ប៉ុន្តែ នូវ សារ៉ាវ័ន្ត មិនព្រមផឹក ពេលនោះ គង់ ដារ៉ា គំរាមបិទហាង ហើយក៏មានការ ឈ្លោះប្រកែកគ្នា រួចមក គង់ ដារ៉ា ក៏បានដក កាំភ្លើងខ្លី ម៉ាកឡុក១៩ បាញ់០១គ្រាប់ បង្ហើទៅ លើក្បាល ឈ្មោះ នូវ សារ៉ាវ័ន្ត តែម្ដង។
ពេលនោះ ក៏មានជម្លោះកើតឡើង រវាង គង់ ដារ៉ា ជាមួយ (ម្ចាស់ហាងតារា) ឈ្មោះ ទូច ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ បានបោកចាន នៅកន្លែង គង់ ដារ៉ា ផឹក បន្ទាប់មក ឈ្មោះ ម៉ៅស៊ី ណាត ហៅ ក្តាម ដែលជាមិត្តភក្កិ គង់ ដារ៉ា បានបោកកែវ ចំនួន០២ទៀត ដែលបណ្ដាល ខ្ទៀតអំបែងកែវទៅមុតដៃ គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ៕