លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅថ្ងៃនេះបានថ្លែងថា លោកកំពុងឲ្យលោក គឹម ពន្លក មេឃុំរវៀងចេញលិខិតបំភ្លឺជាបន្ទាន់ពាក់ពន្ធ័ក្នុងសំណុំរឿង អនុញ្ញាតិឲ្យបុគ្គលម្នាក់លុបប្រឡាយទឹកធ្វើផ្សារយកប្រយោជន៏ចែកគ្នា ។
លោកអភិបាលស្រុកថា លោកមិនបានដឹងថាលោកមេឃុំរវៀងហ៊ានអនុញ្ញាតិឲ្យបុគ្គលឈ្មោះ ជឹម សុវណ្ណរិទ្ធ លុបប្រឡាយផ្លូវទឹកស្ថិតនៅភូមិថ្មី ឃុំរវៀង យកទៅធ្វើផ្សារនោះទេ, ទាល់តែមានការប្ដឹងតវ៉ាពីពលរដ្ឋ ក៏ស្រាប់តែលោកទទួលបានលិខិតមួយច្បាប់បញ្ជាក់ថា លោក ជឹម សុវណ្ណារឹទ្ធ បានស្នើរមកលោកមេឃុំតាមរយៈមេភូមិថ្មីដើម្បីបានលុបប្រឡាយផ្លូវទឹកនោះទៅវិញ។
លោកបន្ថែមថា លោកកំពុងធ្វើការងារតាមផ្លូវរដ្ឋបាលស្រុក គឺតម្រូវឲ្យលោកមេឃុំរវៀងធ្វើលិខិតបំភ្លឺជាសាធារណៈ ហើយនៅថ្ងៃចន្ទ័សប្តាហ៏ក្រោយ លោកនឹងដឹកនាំក្រុមការងារចុះទៅកាយដីនោះធ្វើប្រឡាយផ្លូវទឹកវិញ។
ពាក់ពន្ធ័ករណីខាងលើនេះ លោក កឹម ពន្លក មេឃុំរវៀងបានថ្លែងថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលបញ្ជាពីលោកអភិបាលស្រុកសំរោងថា ឲ្យលោកធ្វើលិខិតបំភ្លឺរឿងលុបប្រឡាយផ្លូវទឹកខាងលើនោះទេ ហើយលោកក៏មិនខ្លាចក្នុងការធ្វើលិខិតបំភ្លឺនោះដែរ ព្រោះការលុបប្រឡាយផ្លូវទឹកខាងលើ ក៏លោកអភិបាលស្រុកសំរោងដឹងឮដែរ តែគ្រាន់តែមិនបានលាយលក្ខ័ណជាអក្សរទុកជាកំណត់ហេតុ ឬភស្ត័តាងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពលរដ្ឋរស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានរងនូវការជន់លិចផ្ទះសម្បែងជាងកន្លះឆ្នាំមកហើយ ដោយសាតែលោកមេឃុំបានអនុញ្ញាតិឲ្យលោក ជឹម សុវណ្ណារឹទ្ធ លុបប្រឡាយផ្លូវទឹកមួយខ្សែនៅកណ្ដាលភូមិយកទៅធ្វើផ្សារលក់ដូរដើម្បីប្រមូលប្រយោជន៍ចែកគ្នា។ ករណីនេះពលរដ្ឋបានប្ដឹងតវ៉ាដែរ តែគ្មានការដោះស្រាយជូនពួកគាត់នោះទេ៕