ប្រឡាយទឹកសាធារណះរបស់រដ្ឋស្ថិតនៅភូមិស្នួល ឃុំស្រង៉ែ ស្រុកទ្រាំង ដែលតែងបង្ហូរទឹកសម្រាប់ស្រោចស្រពស្រែចំការរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនោះ ត្រូវបានអ្នកមានលុយម្នាក់បានធ្វើសកម្មភាពយកគ្រឿងចក្រមកឈូសឆាយ និងចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ ។
អ្នកមានលុយដែលហ៊ានលុបប្រឡាយទឹកសាធារណៈនោះ ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា មានឈ្មោះ កេង និងប្រពន្ធឈ្មោះ ស្រីនួន។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រទ្បាយទឹកខាងលើនេះ គឺមានសារៈខ្លាំងណាស់សម្រាប់ពួកគាត់ដែលតែងអាស្រ័យផលរាប់សិបឆ្នាំមកហើយ ព្រោះការធ្វើស្រែរបស់ពួកគាត់គឺពឹងលើការនាំទឹកតាមប្រទ្បាយមួយខ្សែនេះ មកធ្វើការស្រោចស្រព ហើយចុះបើឥឡូវអាជ្ញាធរអនុញ្ញាតឲ្យបុគ្គលមានលុយឈ្មោះ កេង និងស្រីនួន ចាក់លុបជិតឈឹងធ្វើជាកម្មសិទ្ធិបែបនេះទៅហើយនោះ តើឲ្យពួកគាត់ពឹងទៅលើអ្វីទៀត?
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ការដែលបុគ្គលរូបនេះ ហ៊ានដល់ថ្នាក់ចាក់ដីលុបប្រឡាយយកមកធ្វើជាសកម្មសិទ្ធិដូច្នេះ គឺប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរហើយ ទើបអាចធ្វើបានដោយរលូនយ៉ាងនេះ។
យ៉ាងណាក៏ដោយ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះថា ពាក្យបណ្តឹងរបស់ពលរដ្ឋនៅភូមិស្នួល ឃុំស្រង៉ែនោះ គឺលោកបានទទួលហើយ ហើយលោកនិងបញ្ជាទៅឲ្យអាជ្ញាធរឃុំចុះទៅផ្អាកគ្រឿងចក្រនោះជាបន្ទាន់ ហើយថា ចំពោះការលួចចាក់ដីចូលក្នុងប្រទ្បាយទឹកសាធារណះនោះ គឺបុគ្គលដែលចាក់នោះ គឺត្រូវកាយដីចេញពីប្រឡាយវិញ ហើយថា ចាំលោកចុះទៅពិនិត្យជាក់ស្តែងសិន ព្រោះឥលូវលោកជាប់រវល់៕