សង្គម

រថយន្តសាម៉ុយដឹកសំណាកកូវីដ-១៩ ចំនួន៣កេស ជួបគ្រោះថ្នាក់ក្រឡាប់ និងស្លាប់មនុស្សម្នាក់

យោង​តាម​របាយការណ៍​របស់​មន្ទីរព័ត៌មាន​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ រថយន្តសាម៉ុយរបស់​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ ដែលបានដឹកសាកសពជនជាតិចិនម្នាក់ ជាមួយនឹងសំណាក់កូវីដ-១៩ ចំនួន៣កេសដើម្បី​យកទៅ​រាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយ​ប៉ះគ្នាជាមួយនឹងម៉ូតូសណ្តោងរឺម៉កបណ្តាលឲ្យ​អ្នកបើកម៉ូតូបានស្លាប់។

ករណីនេះ​បាន​កើត​ឡើង​នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យ៉ាងណាក៏ដោយ ចំពោះសំណាកទាំង០៣កេសនោះពុំមាន ការបែក រឺដាច់រហែកទេ ហើយ​ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបាន​រថយន្ត​សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ។

បើតាម​របាយការណ៍​សមត្ថកិច្ច ករណីនេះ រថយន្ត​សាម៉ុយ​បាន​បើក​បរ​ក្នុង​ទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ(សណ្តោងរឺម៉កលក់ផ្កា)ក្នុងទិសដៅស្របគ្នា ដែល​បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កាបណ្តាលឲ្យ​អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ៕