ក្រោយពីមានគោលការណ៍ឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅជិតផ្លូវភ្លោះវត្តភ្នំ ក្នុងសង្កាត់ស្រះចក បន្ទាប់ពីបានរកឃើញបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្តិ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូច្នេះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។
សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕