សង្គម

រកឃើញ​អ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកាចំនួន២នាក់ទៀតវិជ្ជមាន​កូវីដ​១៩, ធនាគារកាធេយូណាយធីតនៅ​ផ្លូវ​សម្តេច​ប៉ាន​ត្រូវ​បិទ​រយៈ​ពេល​១៥ថ្ងៃ

ក្នុងសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ​បាន​បញ្ជាក់ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន ២នាក់ ដែលពួក​គេជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា។

អ្នកទាំង២នាក់នោះ ទី១ គឺស្រ្តីជនជាតិខ្មែរ​ អាយុ​ ២៣ឆ្នាំ ស្នាក់​នៅ​សង្កាត់វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ មាន​ស្វាមីជា​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ នៃក្រសួងមហាផ្ទៃ។

ទី២ ស្រ្តីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់​នៅ​សង្កាត់វាល​ស្បូវ ខណ្ឌច្បារអំពៅ ត្រូវ​ជា​ប្អូន​បង្កើត​ស្រ្តីខាងលើ ហើយ​ក៏​ជា​បុគ្គលិកធនាគារ​កាធេយូណាយធីត រាជធានីភ្នំពេញ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួង​សុខាភិបាល ដោយ​សារ​ធនាគារកាធេយូណាយធីត នៅ​ផ្លូវ​សម្តេច​ប៉ាន មាន​បុគ្គលិក​ច្រើន​កំពុង​បម្រើ​ការ​ងារ​នៅ​ទីនោះ និង​ដោយ​ទទួល​ការ​អនុញ្ញាត​ពីសម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្រសួង​បាន​សម្រេច​ផ្អាកដំណើរ​ការ​ធនាគារ​នោះ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈ​ពេល ១៤ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ​តទៅ ដើម្បី​ក្រុម​ការងារ​ក្រសួងសុខាភិបាល​ចុះ​យក​សំណាក​បុគ្គលិក​ទាំងអស់ និង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់ធ្វើចត្តាឡីស័ក​ចំនួន ១៤ថ្ងៃផងដែរ៕