តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកនេះបានឲ្យដឹងថា ផ្សាយទំនើប AEON 1 ដែលបានបិទក្រោយផ្ទុះឡើងនូវជំងឺកូវីដ១៩នោះ នឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះវិញហើយ។
ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញនេះ គឺក្រោយពីមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ហើយក្រសួងសុខាភិបាល ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។
គួររំលឹកថា ផ្សារទំនើប AEON 1 ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបិទជាបណ្តោះអាសន្ន កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន៕