ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣០ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅដល់អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខេត្តសៀមរាប ត្រូវផ្អាកជាបន្ទាន់នូវការជួបជុំមនុស្សច្រើន, ការប្រជុំ និងពិធីអាពាហ៍ពិពាហ៍រយៈពេល១៥ថ្ងៃសិន ដោយគិតចាប់ពីពេលនេះតទៅ។
ការផ្អាកនេះ គឺក្រោយពីមានសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់អនុសាសន៍របស់អង្គការសុខភាពពិភពលោក ក្រោយពីកម្ពុជាកំពុងតែជួបនូវការចម្លងវីរុសកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូង។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ប្រាប់ទៅដល់រដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យគិតគូរពីការបិទសាលារៀន និងបិទបវេសនកាល ហើយការបើកបវេសនកាលឆ្នាំសិក្សាថ្មី ក៏ត្រូវគិតគូរឡើងវិញផងដែរ៕