សង្គម

ករណីឆ្លង​កូវីដ​១៩​នៅ​ក្នុង​សហគមន៍​កើន​ដល់១៤ករណី សម្តេចតេជោ​ដាក់ឈ្មោះ​ករណីនេះ​ថា ជាព្រឹត្តការណ៍សហគម ២៨ វិច្ឆិកា

ក្នុងពិធីបើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​៣៩ខ្សែ​នៅ​ក្រុង​សៀមរាប​នៅព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានកំណត់ហៅ​ករណី​ចម្លង​កូវីដ​១៩ដែល​ផ្តើម​ពី​ភរិយា​អគ្គនាយកពន្ធនាគារថា ជា «ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា»។

សម្តេចតេជោបាន​បញ្ជាក់ថា ករណីនេះ គឺជា​ករណីដំបូងរបស់​កម្ពុជា ដែល​កូវីដ​១៩​បាន​ឆ្លង​ចូលសហគមន៍ ពោល​គឺ​ក្នុង​រយៈ​ពេល​តែ២ថ្ងៃប៉ុណ្ណោះ មាន១៤ករណី ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺករណី​ឆ្លង​បាន​ស្ថិត​ក្នុង​ចង្កោម​មន្រ្តី​ក្រសួងមហាផ្ទៃ និង​ក្រុម​គ្រួសារ​របស់​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ។

សម្តេចតេជោបញ្ជាក់ថា រហូតមកទល់នឹងពេលនេះប្រភពចម្លងនៅមិនទាន់ដឹងក្បាលកន្ទុយនៅឡើយទេ ដូច្នេះត្រូវធ្វើក្នុងល្បឿនលឿនបំផុត និង កម្រិតទ្រង់ទ្រាយធំ។

បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា នៅថ្ងៃទី២៩ វិច្ឆិកាម្សិលមិញ ក្រសួង​បានធ្វើតេស្ត​អ្នក​ប៉ះពាល់​បាន​ចំនួន ៣៣៣២នាក់ នៅរាជធានីភ្នំពេញ និង​ខេត្ត​ចំនួន៧។

ដើម្បីយកឈ្នះជំងឺកូវីដ ១៩សម្តេចតេជោបានស្នើ​ដល់ប្រជាពលរដ្ឋទាំងអស់សូមធ្វើជាអ្នកខ្លាច និងជាអ្នកចុះចាញ់កូវីដ១៩ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត។ ហើយកម្ពុជាគ្រប់គ្រងបាន ឫមិនបានគឺស្ថិតលើរយះពេល១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខគឺចំណុះលើការប្រឹងប្រែងរួមគ្នាទាំងរដ្ឋ និងពលរដ្ឋ៕