នៅព្រឹកថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសតួលេខជាផ្លូវការ នៃការឆ្លងវីរុសកូវីដ១៩នៅកម្ពុជា ដោយនៅថ្ងៃម្សិលមិញ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩សរុបចំនួន៧នាក់។
ក្នុងនោះ ម្នាក់ជាស្រ្តីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣១ឆ្នាំ ស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្រ្តីជនជាតិខ្មែរ អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ គាត់មានអាការៈមិនស្រួលខ្លួន (ផ្តាសាយចំនួន ៣ថ្ងៃ) ក៏បានទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យជំងឺ ហើយត្រូវបានគ្រូពេទ្យយកវត្ថុសំណាកទៅពិនិត្យ ហើយក៏រកឃើញវិជ្ជមានកូវីដ១៩។
ស្វាមីស្រ្តីអាយុ ៥៦ឆ្នាំខាងលើ ដែលជាអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារចំនួន ៤នាក់ទៀតដែលនៅផ្ទះជាមួយគ្នា បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ដែរ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕