ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាសង្ស័យបង្កប់សេវាផ្លូវភេទ និងនឹងបានចែកចាយសម្លេង វិដេអូ នឹងរូបភាពរបស់នារីស៊ីចស៊ីពេញបណ្ដាញសង្គមFacebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អោយដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយនិង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូមកហើយតែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើសនិងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ដែម៕