ព័ត៌មានជាតិ

២០២៤ កម្ពុជារកចំណូលបានជិត៥០លានដុល្លារពីការចូលទស្សនារមណីយដ្ឋានអង្គរ

ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជារកចំណូលបានពីការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានប្រាសាទអង្គរវត្ត បានប្រមាណជិត៥០លានដុល្លារអាមេរិក ដោយចំណូលនេះ មានការកើនឡើង ប្រៀបធៀបនឹងឆ្នាំ២០២៣។

​គ្រឹស្ថានអង្គរបានឱ្យដឹងថា ដោយគិតតែខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានប្រាសាទអង្គរ មានជាង១,២សែននាក់ កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ហើយចំណូលពីការលក់បណ្ណសម្រាប់ខែចុងក្រោយ ឆ្នាំ២០២៤ រកបានជិត៦លានដុល្លារអាម៉េរិក កើនឡើងជាង២៧ភាគរយដូចគ្នា បើប្រៀបនឹងខែចុងក្រោយ កាលពីឆ្នាំ២០២៣។

បើគិតពេលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសជាង១លាននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនឡើងបានជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ចំណែកចំណូលដែលបានមកពីការលក់បណ្ណដល់ភ្ញៀវបរទេសសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៤ មាន៤៧លាននិងជាង៨សែនដុល្លារអាម៉េរិក គឺកើនឡើងជាង២៨ភាគរយ បើធៀបឆ្នាំ២០២៣ ដែលមានជាង៣៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផា ទទួលបានថវិកាឧបត្ថម្ភជាង២លានដុល្លារអាម៉េរិក ពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៤នេះ៕