សង្គម

ឈើដឹកតាមម៉ូតូចេញពីដែនអភិរក្សសីមា ក្រោមការ គ្រប់គ្រងរបស់លោកស៊ិន សត្ថា ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង

បើទោះបីជាមើល ទៅហាក់ដូចជាស្ងៀមស្ងាត់បន្តិចអំពីបញ្ហានៃការនាំឈើទៅប្រទេសវៀតណាម ប៉ុន្តែការពិតមិនដូច្នោះទេ។ ពួកឈ្មួញ នៅតែបន្តធ្វើសកម្មភាពដឹក ឈើតាមម៉ូតូចេញពីដែនអភិរក្សសីមា ក្រោមការគ្រប់ គ្រងរបស់លោកនាយកស៊ិន សត្ថា ដូចកណ្ដៀរឆ្លងដែនចូលទៅប្រទេសវៀតណាម។ ទង្វើបែបនេះត្រូវបានពួកមន្ត្រីបរិស្ថានអះអាងថាជារឿងធម្មតា ពីព្រោះអ្នកស្រុកនៅទីនេះ ក្រោយពីរួចដៃពីការងារស្រែចំការមានតែរកស៊ីដឹកឈើយ៉ាងដូច្នេះឯង។

តាមរយៈរូបភាពវីដេអូ បង្ហាញឲ្យឃើញអំពីសកម្មភាពនៃការដឹកឈើតាមរយៈម៉ូតូបន្តកន្ទុយគ្នាច្រើនគ្រឿង ឆ្លង ដែនទៅប្រទេសវៀតណាមតាមង៉ាំ ដែលជាច្រករបៀងតូចៗស្ថិតក្នុងស្រុកកែវសីមា។ តាមប្រភពបន្ថែមថា ង៉ាំដែលមានសកម្មភាពដឹកជញ្ជូនឈើសកម្មជាងគេ នោះនៅម្ដុំផ្សារកែវសីមាឆ្លងដែនចូលទៅប្រទេសវៀតណាម។ ប្រភពខ្លះថា នៅជិតកែងផ្ទះក្រហមដែលទីនេះតាំងពីដើមរៀង មកក៏ធ្លាប់ជាផ្លូវដឹកឈើទៅប្រទេសវៀតណាមនោះដែរ។

ក្រៅពីសកម្មភាព ដូចដែលបានឃើញការដឹកឈើនៅស្រុកកែវសីមាជិតស្នាក់ការបរិស្ថាន ក៏មានសកម្មភាពស្រដៀងគ្នានេះ នៅក្បែរច្រកព្រំដែនខេត្តក្រចេះឆ្លងចូលទៅប្រទេសវៀតណាមដែរ។ ប្រភពបានប្រាប់ថា ឈើត្រូវបានដឹកចេញពីដែនអភិរក្សកែវសីមា ដោយកាត់ទឹកដីមួយចំណែកតូច ក្នុងស្រុកស្នួល ខេត្តក្រចេះហើយឆ្លងទៅប្រទេសវៀតណាម។ ពួកឈ្មួញធ្វើសកម្មភាពជារៀង រាល់ថ្ងៃដោយមិនខ្លាចញញើត សមត្ថកិច្ចជំនាញនោះទេ។ រីឯពួកមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមាយល់ឃើញថា វាជារឿងកំប៉ិកកំប៉ុកគ្រាន់នឹងបានដោះ ស្រាយជីវភាពប្រចាំថ្ងៃ។

សកម្មភាពប្រៀបដូចជាសត្វកណ្ដៀរ ដឹកជញ្ជូនចំណីនោះគឺជាហានិភ័យខ្ពស់មួយ សម្រាប់ធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់។ គេសង្កេតឃើញសកម្ម ភាពនៃការ ដឹកជញ្ជូនឈើចេញពីដែនអភិរក្សកែវសីមាបាននិងកើតមានជាហូរហែនៅនៅរដូវរំហើយ។ ក្រោមការដឹកនាំរបស់លោកស៊ីន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាសកម្មភាពនៃការដឹកជញ្ជូននិងការកាប់បំផ្លាញព្រៃឈើននៅតែកើតមានជាធម្មតាដោយមិនមានវិធានការបង្ក្រាបនោះទេ។ មន្ត្រីបរិស្ថានអាចនិយាយថា ពួកគេបានបង្ក្រាបដោយទទួលបានលទ្ធផលជោគជ័យជាវិជ្ជមានច្រើនណាស់ដែរ។ក៏ប៉ុន្តែការពិតក្រោមរូបភាពនៃជោគជ័យនោះបញ្ហាបរាជ័យក្រោមការបិទភ្នែកមន្ត្រីជំនាញក៏មានច្រើនដែរ។

លោកស៊ុន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វ ព្រៃកែវសីមា មិនអាចសុំការពន្យល់បានទេ ជុំវិញបញ្ហាដដែលៗដែលកំពុងកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់លោក៕