យោងតាមសេចក្តីប្រកាសព័ត៌មាននៅរាត្រីថ្ងៃទី២៤ខែវិច្ឆិកាបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។
នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាមនាពេលប៉ុន្មានឆ្នាំកន្លងទៅនេះនិងបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។
នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានានិងអាជ្ញាធរថ្នាក់ខេត្ត នៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជនក៏ដូចជាលើកកម្ពស់ ការអនុវត្តវិធានការបង្ការដើម្បីដោះស្រាយបញ្ហានានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តដែលកម្ពុជានិងវៀតណាមបានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួលឲ្យនិស្សិតកម្ពុជារាប់រយនាក់បានត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។ នាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតក្នុងពិភពលោក។
នាយករដ្ឋមន្ត្រីទាំងពីរបានអបអរសារទរចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៩។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿននីតិវិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន១៦%ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះកម្ពុជា – វៀតណាមលើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា៕