ស្ថានីយ៍ប្រេងមួយកន្លែងស្ថិតនៅចំណុចភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែធ្វើសកម្មភាពសាងសង់ដោយគ្មានច្បាប់អនុញ្ញាត តែប្រធានភូមិបាលស្រុកថ្លែងថា ការសាងសង់ស្ថានីយ៍ប្រេងមួយនេះ គឺគេសង់បណ្តើរ សុំច្បាប់ច្បាប់បណ្តើរ ខណៈប្រធានមន្ទីរសូរិយោដីខេត្តតាកែវថ្លែងថា ការមិនទាន់ទទួលច្បាប់អនុញ្ញាត ហើយសង់ស្ថានីយ៍នោះ គឺជាករណីខុសច្បាប់ទាំងស្រុង។
បើតាមសេចក្តីរាយការណ៍ ស្ថានីយ៍ប្រេងមួយនេះ ត្រូវគេសាងសង់ទាំងយប់ទាំងថ្ងៃរហូតមកទល់បច្ចុប្បន្ន គឺជិតរួចរាល់ហើយ តែទន្ទឹមនិងការសាងសង់ខាងលើ គេសង្កេតឃើញមានក្រុមមន្រ្តីពាក់ពន្ធ័ជាច្រើនក្រុមបានចេញចូលស្ថានីយ៍នោះ។
លោក ឆុង ផូ ប្រធានការិយាល័យភូមិបាលស្រុកព្រៃកប្បាសបានថ្លែងថា ស្ថានីយ៏ប្រេងខាងលើនោះ គឺពិតជាសាងសង់ជិតរួចរាល់មែន តែលោកបានបញ្ជូនផុតពីដៃរបស់លោកហើយ ។ លោកថា តាមច្បាប់ម្ចាស់ស្ថានីយ៏ត្រូវតែរត់ច្បាប់ឲ្យរួចរាល់ និងគ្រប់គ្រាន់អស់ទើបអាចសាងសង់បាន តែដោយសារមានមនោសញ្ចេតនា ទើបលោកចេះតែបិទភ្នែកឲ្យគេសាងសង់បណ្ដើរ រត់ច្បាប់បណ្តើរទៅ។
លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា ករណីស្ថានីយ៍ប្រេងនេះ លោកបានចាត់ឲ្យអភិបាលរងស្រុកមួយរូបទទួលការងារសាងសង់ចុះទៅហាមឃាត់រួចហើយ និងរង់ចាំមើលឯកសារច្បាប់គ្រប់គ្រាន់ចាំបន្ដការសាងសង់បន្តទៀត។
ចំពោះករណីស្ថានីយ៍ប្រេងដែលសង់បណ្តើរ សុំច្បាប់បបណ្តើរនេះ លោក នួន សុធា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តតាកែវ បានថ្លែងថា ការសង់ស្ថានីយ៍ប្រេងមួយ គឺចាំបាច់ត្រូវតែសុំច្បាប់ឲ្យរួចរាល់ ទើបអនុញ្ញាតឲ្យសាងសង់ ហើយបើសង់បណ្តើរ សុំច្បាប់បណ្តើរ គឺខុសច្បាប់ទាំងស្រុងហើយ តែយ៉ាងណាលោកនឹងសាកសួរលោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសបន្ថែមទៀត។
យ៉ាងណាក៏ដោយ បើតាមការលួចខ្សឹបខ្សៀវពីម្ចាស់សំណង់ស្ថានីយ៍ប្រេងខាងលើថា ពួកគេចំណាយលុយជាង៦ពាន់ដុល្លារ ទើបអាចសាងសង់ស្ថានីយ៍ប្រេងនេះបាន៕