នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យរដ្ឋបាលខណ្ឌចំការមនរៀបចំ រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុស្ពានពេជ្រ ដោយធ្វើឡើងក្នុងទ្រង់ទ្រាយតូច ព្រោះតែបារម្ភពីការចម្លងវីរុសកូវីដ១៩។
លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យរដ្ឋបាលខណ្ឌ ជាអ្នករៀបចំវិញក្នុងទ្រង់ទ្រាយតូច និងមិនមានការជួបជុំមនុស្សច្រើនដូចឆ្នាំកន្លងមកទេ ព្រោះតែព្រឹត្តិការណ៍៣វិច្ឆិកា ទើបតែបញ្ចប់។
នៅថ្ងៃម្សិលមិញ គេឃើញរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមមន្រ្តី ព្រមទាំងក្រុមគ្រួសារជនរងគ្រោះខ្លះ ធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ។
គួររំលឹកថា នៅក្នុងរាត្រីចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០ មានឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ ដែលហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលឲ្យមនុស្ស៣៥៣នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០០នាក់បានរងរបួស៕