សង្គម

ក្រសួងអប់រំកំណត់បវេសនកាលឆ្នាំ​សិក្សា ២០២០-២០២១ ​នៅ​ថ្ងៃទី១១ ខែមករា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ថា ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២១។

តាម​សេចក្តីណែនាំដែលចុះ​ហត្ថ​លេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ​កាលពីសប្តាហ៍​មុនបានបញ្ជាក់ថា ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ផ្ដោតសំខាន់លើលទ្ធផលសិក្សារបស់សិក្ស ឆ្លើយតបនឹងស្ដង់ដាកម្មវិធីសិក្សារបស់ក្រសួងអប់រំ។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យមានវិស្សមកាលចំនួន ២ដង ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី៦-១៩ ខែមេសា និងមហាវិស្សមកាល ពីថ្ងៃទី១-៣០ ខែវិច្ឆិកា។

សម្រាប់ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ ក៏បានក្រើនរម្លឹកដល់គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ ត្រូវបង្កើតទម្លាប់អនាម័យថ្មីនៅតាមគ្រឹះស្ថានសិក្សា ដោយអនុវត្តតាម គោលការណ៍ប្រតិបត្តិស្ដង់ដា SOP សម្រាប់ដំណើរការសាលារៀនក្នុងបរិបទកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការការពារ និងទប់ស្កាត់កូវីដ-១៩៕