ការដេញថ្លៃ គម្រោងអភិវឌ្ឍឃុំ សង្កាត់ចំនួន ៣កន្លែងនៅស្រុក២ផ្សេងគ្នាក្នុងខេត្តតាកែវ ត្រូវគេមើលឃើញថា មានភាពមិនប្រក្រតី ដោយសារមានការឃុបឃិតគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។
ភាពមិនប្រក្រតីនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃក្បែរៗបរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។
ជាងនេះទៅទៀតក្រុមហ៊ុនដែលបានដាក់សំណើរដេញថ្លៃ ដូចជាដឹងទំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។
តែបើតាមលោក ស៊ុំ ចាន់ ដែលដេញថ្លៃបានសម្រាប់ការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៤រយម៉ែត្រនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា គ្មានការចរចារគ្នាជាមុនជាមួយក្រុមហ៊ុនដែលមកនោះទេ។ ហើយរឿងដាក់ឬមិនដាក់សំណើចូលរួមដេញថ្លៃលោកមិនដឹងដែរ។
ដោយឡែកមាន២គម្រោងផ្សេងទៀតនៅស្រុកបូរីជលសារ ដែលបានបើកសំណើដេញថ្លៃកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងនោះឃុំកំពង់ក្រសាំង មានលោក ឆោម ហ៊ី ជាម្ចាស់ក្រុមហ៊ុន បានដេញថ្លៃជុសជុលផ្លូវលំ និងចាក់ជើងទេបេតុងអាមេប្រវែ១២៨ម៉ែត្រមួយខ្សែ និងនៅឃុំជ័យជោគ មានលោក នង ទុយ ជាម្ចាស់ក្រុមហ៊ុនបានដេញថ្លៃជុសជុលផ្លូវលំដីសមួយខ្សែដែរ ដែលក្រុមហ៊ុនទាំង២នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុត ដែលវាគួរឲ្យសង្ស័យ។
លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និង វិនិយោគខេត្តតាកែវ បានថ្លែងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកនិងក្រុមការងារមានតួនាទីត្រឹមជាអ្នកសម្របសម្រួលសម្រាប់ដំណើរការនៃការដេញថ្លៃតែប៉ុណ្ណោះ ព្រោះឃុំ សង្កាត់ គេមានក្រុមការងារលទ្ធកម្មសម្រាប់ពិនិត្យ និងទទួលយកក្រុមហ៊ុនដេញថ្លៃមានតម្លៃភាគរយចុះច្រើនជាងគេ, ភាគរយចុះតិចឬច្រើនរវាងតម្លៃប៉ាន់ស្មានដែលរដ្ឋទម្លាក់ជាមួយនឹងក្រុមហ៊ុនដេញថ្លៃបានសិទ្ធនោះ ជាការងាររបស់ក្រុមលទ្ធកម្មឃុំ សង្កាត់ អ្នកសម្រេចទទួលយក ឬក៏បដិសេធ។
យ៉ាងណាក៏ដោយ មហាជនបានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំង៣នេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវៀងរដ្ឋចាយលុយទំហ៊ុំធំ តែលទ្ធផលដែលទទួលបានគឺផ្លូវគ្មានគុណភាព៕