ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន ១ករណីបន្ថែមទៀត ជាបុរសជនជាតិខ្មែរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក។
បុរសជនជាតិខ្មែរនោះ អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកានេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសដែរថា លោក ស ចិត្រា ដែលជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដូច្នេះសរុបជារួម កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩សរុបចំនួន ១០នាក់ ក្នុងនោះ ៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕