បទចំរៀងចំនួន៥បទ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូប ដូចជា បទ ចាក់សាំង, អូនធំ, អូនស្អាតពេលស្រាត, Hot boy និងបទ នារីបឹងទំពុន ត្រូវបានសមាគមអ្នកនិពន្ធខ្មែរ សម្តែងប្រតិកម្ម ដោយទាមទារឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការ ព្រោះតែបទចំរៀងទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គម។
សមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងនៅក្នុងលិខិតប្រកាសចំហររបស់ខ្លួនថា ទន្ទឹមនឹងព្រឹត្តិការណ៍រីករាលដាល នៃជំងឺកូរ៉ូណា ឬកូវីដ១៩ ដែលសាធាំរណជនភាគច្រើនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលព័ត៌មាន និងការអប់រំណែនាំរបស់ក្រសួងសុខាភិបាល បែរជាជនឱកាសនិយមមួយចំនួនបានឆ្លៀតឱកាសប្រើប្រាស់ប្រព័ន្ធនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយបំភិតបំភ័យ បំប៉ោងសភាពការណ៍ ជាមួយនេះ ក៏មានការផ្គើននឹងការណែនាំជាច្រើនដងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលហាមប្រាមដល់ការចេញផ្សព្វផ្សាយមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម។
សមាគមអ្នកនិពន្ធខ្មែរបានចាត់ទុកថា ពួកគេទាំងនោះ គឺជាកូនៗដែលបំពេញទុក្ខបន្ថែមដល់គ្រួសារដែលកំពុងជួបវិបត្តិភ័យព្រួយ ហើយក៏ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចលើកិច្ចការនេះចាត់វិធានការតាមនីតិវិធី៕