រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀនទាំងអស់ រួមទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល នឹងត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកាកាលពីថ្ងៃម្សិលមិញរួចមក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅនាទីស្តីការក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា បន្ទាប់ពីមានព្រឹត្តិការណ៍៣វិច្ឆិកាត្រូវបិទបញ្ចប់នាពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ តែគ្រឹះស្ថានសិក្សាទាំងអស់ពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវតែបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ជាមួយគ្នា ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានប្រកាសពីការ អនុញ្ញាតឲ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកានេះតទៅ ប៉ុន្តែនៅតែបន្តអនុវត្តនូវវិធានសុវត្ថិភាព សុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម៕