លទ្ធផល នៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ សម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងភរិយា ព្រមទាំងអ្នកនៅជាមួយ គឺអវិជ្ជមានកូវីដ១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវមួយនេះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះសារនៅលើបណ្តាញសង្គម ក្រោយពីទទួលបានលទ្ធផលថា ចាប់ពីថ្ងៃស្អែកទៅ សម្តេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆិកាឡើងវិញ តែសម្តេចនៅមិនទាន់ឲ្យកូន និងចៅមកផ្ទះមួយរយៈទៀត ដើម្បីធានាឲ្យប្រាកដថា សម្តេចគ្មានមេរោគចម្លងទៅកូន និងចៅ។
បើទោះជាកំពុងរង់ចាំលទ្ធផលធ្វើតេស្តរបស់មនុស្សជាង១ពាន់នាក់ទៀតក៏ដោយ តែសម្តេចតេជោបានប្រកាសថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលា ដោយក្នុងនោះសម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់, ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។ សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្តព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
ការដែលសម្តេចហ៊ានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកានេះ សម្តេចតេជោបានបញ្ជាក់ថា នោះគឺនៅត្រង់ដែលយើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះសម្តេចបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់៕