សង្គម

ប្រជាពលរដ្ឋស្នើឲ្យក្រុមលោកតាន់ គឹមសួរ ទៅមើលព្រៃឈើតំបន់អភិរក្សអន្រ្ទង ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរីផង

ប្រជាពលរដ្ឋនិងសហគមន៍ព្រៃឈើ ស្នើឲ្យសកម្មជនបរិស្ថាន លោកតាន់ គឹមសួរ ចុះទៅពិនិត្យមើលសកម្ម ភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អន្ទ្រង ស្ថិតក្នុងដែនជំរកសត្វព្រៃភ្នំព្រិច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីផងព្រោះថ្មីៗនេះមានសេចក្តីរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើដ៏មហន្តរាយនៅតំបន់នោះ ប៉ុន្តែមិនឃើញមាន សមត្ថកិច្ចជំនាញ ឬក៏ស្ថាប័នពាក់ព័ន្ធចុះទៅពិនិត្យនៅ ឡើយ។ ក្រុមសកម្មជនបរិស្ថានលោកតាន់ គឹមសួរ មិន ទាន់បានទៅដល់តំបន់អន្ទ្រង ដែលថ្មីៗនេះមានការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនោះទេ។

គួរបញ្ជាក់ថា រូបភាពអំពីការកាប់បំផ្លាញព្រៃឈើថ្មីៗ នៅតំបន់អន្ទ្រងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីបានបង្ហាញអំពីមហន្តរាយថ្មី ទៀតនៃការកាប់បំផ្លាញព្រៃឈើ។ ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រិច លោកព្រហ្ម វិបុលរតនៈ មិន បានដឹងអំពីបញ្ហានេះទេ។ ប៉ុន្តែទំហំនៃមហន្តរាយនេះ បើឆ្លើយថាមិនដឹងបែបនេះដូចជាមិនទំនង។ លោកថានឹងចាត់មន្ត្រីឲ្យទៅពិនិត្យមើល ប៉ុន្តែរហូតមកដល់ ពេលនេះមិនទាន់បានទទួលលទ្ធផលនៅឡើយទេ។

រូបភាពជាច្រើនត្រូវបានថតជាបន្តបន្ទាប់ បង្ហាញឲ្យឃើញអំពីគំនរឈើ និងគល់ឈើដែលទើបអារផ្ដួលថ្មីៗនៅតំបន់ព្រៃសហគមន៍អន្ទ្រង ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចតំបន់អភិរក្សភ្នំព្រិច មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងថា ក្រៅពីអាផ្ដួលដើមឈើធំៗក៏មានការកាប់បំផ្លាញដើមឈើតូចៗយកធ្វើជាអុសផងដែរ។ គេថា មានក្រុមហ៊ុនមួយចូលទៅកាប់អុសព្រៃនៅតំបន់នោះ ក្នុងទ្រង់ទ្រាយធំដែលបង្កឲ្យមានមហន្តរាយយ៉ាងខ្លាំង។

បើតាមប្រភពបានរាយការណ៍ថាសកម្មភាពអាឈើបែបអនាធិបតេយ្យ នៅត្រង់ចំណុចព្រំប្រទល់ព្រៃសហគមន៍អន្ទ្រងសាមគ្គីមានជ័យ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមិនមានការទប់ស្កាត់ពីមន្ត្រីបរិស្ថាននៅក្នុងតំបន់នោះឡើយ។ ភាពស្ងៀមស្ងាត់ របស់ស្ថាប័នជំនាញទាំង នេះនាំឲ្យមានមន្ទិលសង្ស័យថា អាចមានការត្រូវរូវគ្នារវាងពួកមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ជាមួយនឹងឈ្មួញកាប់ឈើ ។ បើតាមប្រភពរាយការណ៍ថា ការកាប់ឈើទាំងនោះមានទំហំធំដែលបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ធនធានធម្មជាតិ។

គេរាយការណ៍ថា ពួកឈ្មួញដឹកឈើទាំងនោះចេញមកព្រំប្រទល់ខេត្តក្រចេះយកទៅទម្លាក់ទឹកទន្លេមេគង្គ។ រីឯមន្ត្រីជំនាញដែលមានភារកិច្ចការពារព្រៃឈើ នៅតំបន់នោះត្រូវគេខ្សិបថា បានទទួលផលប្រយោជន៍ទៅតាមឋានៈនិងតួនាទី ទើបបណ្ដោយឲ្យមានការកាប់ឈើតាម អំពើចិត្តយ៉ាងដូច្នេះ។ ប្រភពដែលទៅដល់ទីនោះរាយ ការណ៍ថា ការកាប់ឈើនៅតំបន់ព្រំប្រទល់អន្ទ្រងនៅដែនសមត្ថកិច្ចភ្នំព្រិច តែងតែកើតមានហើយពួកមន្ត្រីបរិស្ថានតែងតែឆ្លើយថានមិនដឹងដោយសំអាងថា មិន បានឃើញនិងមិនបានទៅដល់។

លោកព្រហ្ម វិបុលរតនៈ ប្រធានការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រិចបានអះអាងប្រាប់អ្នកកាសែតថា លោកមិនបានដឹងអំពីបញ្ហាកាប់ឈើនៅតំបន់ព្រៃសហគមន៍អន្ទ្រងនោះទេ។ យ៉ាងណា ក៏ដោយលោកនឹងចាត់ឲ្យមន្ត្រីក្រោមឱវាទ ចុះទៅមើលភ្លាមដើម្បីឲ្យដឹងប្រាកដថាតើវាយ៉ាងដូចម្ដេច។ លោកអរគុណដល់អ្នកកាសែត ដែលបានផ្ដល់ព័ត៌មានអំពីបញ្ហានេះប៉ុន្តែថា តើវិធានការបន្ទាប់ទៅទៀតយ៉ាងណានោះមិនទាន់ដឹងនៅឡើយ។

បើតាមប្រភពបានបន្ថែមថា អ្វីដែលជាការអះអាងរបស់លោកព្រហ្ម វិបុលរតនៈ នោះគ្រាន់តែជាវិធីដោះសារតែ ប៉ុណ្ណោះពីព្រោះបទល្មើសមានទំហំទ្រង់ទ្រាយធំ ហើយនៅក្បែរស្នាក់ការ មន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់អន្ទ្រងនោះទៀតផង។ យ៉ាងណាក៏ដោយគេរំពឹងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាននឹងចាត់ក្រុមមន្ត្រីឲ្យទៅមើលដល់ទីកន្លែងដើម្បីឲ្យប្រាកដថា តើពិតជាមានការកាប់ឈើដ៏មហន្តរាយនៅតំបន់អន្ទ្រងនោះមែនឬទេ?។

ប្រជាពលរដ្ឋរំពឹងថា សកម្មជនបរិស្ថាននិងទៅពិនិត្យដោយផ្ទាល់ដើម្បីឲ្យឃើញច្បាស់អំពីបញ្ហាមហន្តរាយនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អន្ទ្រងស្ថិតក្នុងដែនជម្រៅសត្វព្រៃភ្នំព្រិចដើម្បីឲ្យដឹងច្បាស់ថា តើទំហំនៃការកាប់បំផ្លាញនោះមានប៉ុណ្ណានិងអ្នកណាអ្នកទទួលខុស ត្រូវចំពោះបញ្ហានេះ៕