ព័ត៌មានជាតិ

លោក អ៊ុន​ ចាន់ដា​ ជំរុញដល់តួអង្គទាំងប្រាំត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន ពិសេសត្រូវលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

ខេត្តកំពង់ចាម÷លោក អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណបក្សខេត្តកំពង់ចាម បានជំរុញដល់តួអង្គទាំងប្រាំ រួមមាន លោកមេឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍នគរបាល ប្រធាន មណ្ឌល សុខភាព និងលោកនាយកសាលា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន ពិសេសត្រូវលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ និង​ការឆ្លើយតបតម្រូវការឱ្យចំគោលដៅ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ការថ្លែងបែប នេះ​ក្នុងពិធី​ប្រកាសសម្រួលភារកិច្ច​ និង​តែងតាំង លោក អូត​ ឈាងលី​ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ជំនួស​លោក​ ផេន​ សុផល​ ដែលត្រូវទទួលភារកិច្ចថ្មី​ នាព្រឹកថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​លោក ខ្លូត​ ផន អនុប្រធានប្រចាំការគណបក្សខេត្ត និង​លោក កឹង ឃន អនុប្រធានទី១ក្រុមការងារគណបក្សចុះជួយស្រុកបាធាយ​ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន ណែនាំដល់អាជ្ញាធរស្រុកបាធាយ ជាពិសេសលោក អូត​ ឈាងលី​ បន្ទាប់ពីបានទទួលភារកិច្ចថ្មីនេះ ត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះលោកប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឱ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផងដែរ​ ៕