សង្គម

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណ ៩២%

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជា​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ការ​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បាន​ឱ្យដឹងថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៩២%ហើយ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕