អភិបាលរងខេត្តកំពង់ស្ពឺលោក តូច ប៉ូលីវ៉ា បានប្រតិកម្មខ្លាំងៗលើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំ១កន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើន នឹងអាជ្ញាធរ ក្រោយដោះលែងមកវិញ។ ប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកអភិបាលរងប្រាប់ថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាង ម៉េចរឿងនឹង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។
គួរបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំ១កន្លែងនេះនៅក្រោយទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង។ តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះ លែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ តែមិនដឹងថ្នាក់លើត្រឹម ណានោះទេ។ ក្រោយដោះលែង អាជីវកម្មអនឡាញនេះក៏បានបើកលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោង ដោយបិទបាំងវាំងនននិងមានអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចូលលេងមិនចេះដាច់។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីមិនមានការឆ្លើយតបទេ។ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានអះអាងថា ចាំឱ្យអធិការក្រុងច្បារមនចុះទៅមើល។ លោក ទឹម ផានូ អភិបាលក្រុងច្បារមនថា ចាំចុះទៅឆែកមើលព្រោះលោកអត់ដែលបានទៅតាមផ្លូវហ្នឹង។
ជុំវិញការបើកអាជីវកម្មអនឡាញដ៏ធំនេះ មហាជនបានរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរយ៉ាងម៉េច បើបង្ក្រាបបានហើយដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បី តែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេង តែ៥០០ទៅ១០០០រៀលគឺចាប់ ហើយបញ្ជូនមកតុលាការអនុវត្តទោសរាប់ខែ ហើយខ្លះរត់ការដោះលែងអស់រាប់ពាន់ដុល្លាដើម្បីមានសេរីភាពឡើង វិញ។
ពលរដ្ឋនិយាយនៅតាមតុកាហ្វេថា នេះជាស្តង់ដារច្បាប់ពីរខុសគ្នា ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ ។ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាព ជៀសវាងអ្នកមានលុយមិនខ្លាចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន។
រីឯ ការដំណើរការឡើងវិញទីតាំងខាងលើនេះ គេពិបាកជឿណាស់ថា ម្ចាស់ទីតាំងល្បែងអនឡាញមួយនេះ មិនចំណាយប្រាក់ឲ្យស្ថាប័នណាមួយនោះ៕