សង្គម

គ្រាន់តែនៅកណ្ដាលក្រុងដូនកែវមានគ្លីនិកឯកជនអត់ ច្បាប់៥កន្លែង តើមន្ទីរសុខាភិបាលកន្លងមក ធ្វើការអី?

ខេត្តតាកែវ៖​ ក្រោយមានរឿងឃាតកម្មអចេតនាចាក់ថ្នាំខុសបច្ចេកទេសរបស់ម្ចាស់គ្លីនិកសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា​ ស្ថិតនៅភូមិបឹងបញ្ញាគុក​ ឃុំត្រពាំងក្រសាំង​ ស្រុកបាទី​ ខេត្តតាកែ​ បណ្តាលឱ្យស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតនឹងបានយកសពទៅប្លុងចោលមិនទទួលខុសត្រូវ​ ទេីបដឹងថា គ្លីនិកខាង លើនេះ បេីកដោយគ្មានច្បាប់អនុញ្ញាត។

បន្ទាប់ពីធ្លាយករណីបេីកគ្លីនិកគ្មានច្បាប់នៅស្រុកបាទី​ ក្រុងដូនកែវវិញ​ មន្ទីរសុខាភិបាលខេត្ត​ និងអាជ្ញាធរក្រុងបានរកឃេីញគ្លីនិកឯកជនគ្មានច្បាប់រហូតដល់៥ទីតាំងកំពុងដំណេីរការ​ និងបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណេីរការជាបន្ទាន់។ អ្វីដែលមហាជនហួសចិត្តនោះ​ មន្ទីរសុខាភិបាលដែលជាសាមី មេីលការខុសត្រូវ​ បែជាបណ្តែតបណ្តោយមេីលមិនឃេីញគ្លីនិកអត់ច្បាប់បេីកដំណេីរការរាប់ឆ្នាំមកហេីយ។ តើជាការឃុបឃិតគ្នារវាងម្ចាស់គ្លីនិកនៅក្រុងដូនកែវ ជាមួយនឹងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវឬយ៉ាងដូចម្ដេចបានជាបណ្ដែតបណ្ដោយឲ្យគ្លីនិកទាំងនោះ ដំណើរការដោយអត់ច្បាប់រាប់ខែ,រាប់ឆ្នាំមកយ៉ាងដូច្នេះ?

ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការទូទាំងខេត្តតាកែវ បានចោទសួរថា ចុះបេីករណីស្លាប់មនុស្សនៅស្រុកបាទីមិនកេីតឡេីង​ មេីលទៅគ្លីនិកអត់ច្បាប់ជាច្រេីនទីតាំង ត្រូវបានបំបាំងកាយ​,បំបាំងភ្នែក​មន្ត្រីជំនាញ​ មេីលមិនឃេីញ អស់ហេីយទេឬ?។ តើនៅបណ្ដាស្រុកផ្សេងទៀត ក្នុងទូទាំងខេត្តតាកែវ មានគ្លីនិកប៉ុន្មានដែរអត់ច្បាប់ ក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តតាកែវនោះ? តើរដ្ឋបាលខេត្តតាកែវនិងមានវិធានការយ៉ាងណាចំពោះគ្លីនិកអត់ច្បាប់ទាំងនោះ? តើប្រធានមន្ទីរសុខាភិបាលខេត្តឆ្លើយយ៉ាងម៉េចចំពោះមុខលោកអភិបាលខេត្តនិងក្រសួងសុខាភិបាលលើករណីនេះ។

លោក​ ផាន់​ វ៉ាន់​ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ​ បានបញ្ជាក់ខ្លីៗថា​ រដ្ឋបាលខេត្តតាកែវបានបង្កេីតគណៈកម្មការចម្រុះចុះស្រាវជ្រាវលេីគ្លីនិកឯកជន​ទូទាំងខេត្ត​ដែលមានលោក​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវជាប្រធាន។
សូមបញ្ជាក់ថា​ ក្រុងដូនកែវត្រូវបានរកឃេីញគ្លីនិកអត់ច្បាប់៥ទីតាំងមាន៖​
១/ មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន
២/ មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ
៣/ មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី
៤/ មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ
៥/ មន្ទីរសម្រាកព្យាបាល ប៉ុលសុខា៕