បន្ទាប់ពីគេហទំព័រក្នុងស្រុកចុះផ្សាយ អំពីករណីល្បែង ស៊ីសងអនឡាញរីកដុះដាលច្រើន នៅក្នុងភូមិសាស្ត្រស្រុកកណ្ដៀងនោះមក លោកអធិការស្រុកបានចាត់ វិធានការបង្ក្រាបខ្លះៗប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ទីតាំងទាំងនោះបានចាប់ដំណើរការឡើងវិញ។ គេថា បើមិនដំណើរការ ក្រុមមន្ត្រីមានសមត្ថកិច្ចនៅស្រុកកណ្ដៀងមុខជាដាច់ពោះមិនខានឡើយ។
ប្រភពប្រាប់ថា ល្បែងស៊ីសងអនឡាញច្រើនប្រភេទ បាននឹងកំពុងកើតមានឡើងរីកកាន់តែធំ នៅក្នុងភូមិសាស្រ្ត ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯអស់លោកមន្ត្រីនគរបាលស្រុកកណ្ដៀងដឹកនាំដោយលោកអធិការអ៊ុន ស៊ី ត្រូវគេមើលឃើញថា ជាអ្នកដែលបានសើមមាត់សើម.ក ពីថៅកែល្បែងអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទីតាំងដែលគេឃើញថ្មីៗដូចជានៅភូមិអន្លង់វិល ឃុំស្យា , ភូមិដងឡង ឃុំកោះជុំ..ស្រុកកណ្ដៀងកំពុងដំណើរការជាធម្មតា ដោយមិនមានការលាក់បាំងនោះឡើយ។ រីឯទីតាំងចាស់មួយ ចំនួនដែលបានបិទមួយដង្ហើមចង្រិតនោះ ក៏បានចាប់ដំណើរការឡើងវិញដែរដូចជានៅមុខប៉ុស្តិ៍នគរបាលស្វាយលួងជាដើម។
ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញ នៅភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ដែលបានបិទមួយដង្ហើម ចង្រិតនោះបានដំណើរការឡើងវិញប្រហែល១សប្តាហ៍ហើយ ដោយគ្រាន់តែដូរទ្វារផ្ទះចូលតែប៉ុណ្ណោះ។ ប្រភពប្រាប់ថា នៅផ្ទះឈ្មោះ ខា លក់កាហ្វេទនៅល់មុខប៉ុសិ៍្ដនគរបាលរដ្ឋបាលស្វាយលួងតែម្ដង ដែលបានបិទនោះឥឡូវដំណើរការវិញហើយ។ បើតាមសមត្ថកិច្ចប្រាប់ថាវាជាការលំបាកក្នុងការបង្ក្រាបណាស់ ពីព្រោះវាសុទ្ធតែជាមនុស្សស្គាល់គ្នា មើលមុខគ្នារាល់ថ្ងៃ។ដូច្នេះបើចុះទៅបង្ក្រាបហាក់ដូចជាមិនយល់មកគ្នា។
ចំណែកឯទីតាំងថ្មីៗដែលគេរកឃើញនៅ ភូមិអន្លង់វិលឃុំស្យានិងភូមិដងឡង ឃុំកោះជុំ គឺជាបណ្ដាញនៃមេតែមួយនៃក្រុមល្បែងអនឡាញដ៏ធំមួយ។ ពួកគេកំពុងពង្រីកវិសាលភាពនៅក្នុងស្រុកកណ្ដៀងនេះ ទាំងមូល តាមរយៈការខ្សឹបខ្សៀវត្រូវរ៉ូវជាប្រព័ន្ធជាមួយមន្ត្រីមាន សមត្ថកិច្ចថ្នាក់ស្រុកនេះតែម្ដង។
អ្នកភូមិខ្សិបថា បណ្ដាទីតាំងល្បែងស៊ីសងអនឡាញជា ច្រើនកន្លែងដូចជា ជល់មាន់ឬឆ្នោតឡូតូ នៅឃុំកោះជុំនិងឃុំស្យាជាដើមនោះបាននឹងកំពុងទាក់ទាញប្រជាពលរដ្ឋ ឲ្យចូលលេងវង្វេងវង្វាន់,ភ្លេចបាយ,ទឹក ចាញ់អស់លុយ កាក់នៅ ក្នុងក្រុមគ្រួសារបង្កឲ្យមានហិង្សាជារៀង រាល់ ថ្ងៃ។ រីឯអាជ្ញាធរមានសមត្ថកិច្ចតាមបណ្ដាប៉ុស្តិ៍ក៏ដូចជាអធិការដ្ឋាននគរបាលស្រុក ហាក់ដូចជាមិនខ្វល់ខ្វាយចំពោះបញ្ហានេះទេ។ ផ្ទុយទៅវិញអធិការនគរបាលស្រុកកណ្ដៀងលោក អ៊ុន ស៊ី ត្រូវប្រជាពលរដ្ឋមានមន្ទិលសង្ស័យអំពីភាពជិតស្និតជាមួយពួកថៅកែផ្ទះល្បែង ស៊ីសងតាមអ៊ីនធឺណិតទាំងនោះ។ ប្រជាពលរដ្ឋនិយាយថា បើមិនមានការបង់លុយកាក់ពីម្ចាស់ផ្ទះល្បែងស៊ីសងតាមអ៊ីនធឺណិតទេនោះ សមត្ថកិច្ចមុខជាមិនឲ្យដំណើរ ការបានសុខនោះឡើយ។
ប្រជាពលរដ្ឋនៅទូទាំងស្រុកកណ្ដៀង ទទូចស្នើសុំឲ្យលោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការនគរបាលខេត្ត មេត្តាចាត់វិធានការបង្ក្រាបផ្ទះល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនកន្លែងនៅស្រុកកណ្ដៀងនោះផង។ ពីព្រោះសព្វថ្ងៃនេះវាបង្កឲ្យមានបញ្ហាជាច្រើនដូចជាអំពើហិង្សា,ការខាតបង់ពេលវេលានិងប្រាក់កាក់ជាដើម។មិន តែប៉ុណ្ណោះបញ្ហាល្បែងស៊ី សងតើមានអ៊ីនធឺណិតនេះ វាគឺជាអំពើខុសច្បាប់ដែលខុសទៅនឹងអ្វីដែលជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះតែម្ដង៕