(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការជួបជុំរបស់យើងនៅទីក្រុងប្រវត្តិសាស្ត្រនេះ ជាភស្តុតាងដ៏មានឥទ្ធិពលមួយនៃការប្តេជ្ញាចិត្តរួមគ្នា របស់យើងក្នុងកសាងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និង ការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និង ការបំផ្លាញគ្រាប់មីន ឬ អនុសញ្ញាអូតាវ៉ា ពិតជាមានសារៈសំខាន់ណាស់ហើយបានក្លាយជាបទដ្ឋានសកលមួយ ក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធបែបនេះ និងជាបង្គោលនៃក្តីសង្ឃឹមសម្រាប់ប្រទេសដែលរងផលប៉ះពាល់។
*សម្តេចធិបតី ថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ជាទឹកដីនៃសន្ដិភាព ធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន។ ទឹកដីដែលពោរ ពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យដូចជាប្រាសាទ អង្គរវត្ត បានឆ្លងកាត់នូវសោកនាដកម្មដ៏គួរឱ្យសោក សង្រេងបំផុត រួមមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញ លេញត្រូវបានសម្រេចនៅឆ្នាំ១៩៩៨ ក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាជនកម្ពុជាមិនអាចរស់នៅ និងបន្តជីវភាពដូចប្រក្រតីបាននោះទេ ដោយសារទឹកដីរបស់យើងនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសរបស់យើងឡើងវិញក៏ត្រូវប្រឈមផងដែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។ ការរស់នៅជាមួយគ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការទទួលយកការ ពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក – ទាំងផ្លូវកាយ និងផ្លូវចិត្ត – គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ បើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ។ តាមរយៈភាពជាដៃគូជាមួយប្រទេសនិងអង្គការម្ចាស់ជំនួយ ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ក្នុងការសម្រេចគោលដៅ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ក្នុង១ឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង។ សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ មុនការរាត ត្បាតនៃជំងឺកូវីដ-១៩ បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន។ ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមាណ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ចំណែកនៅផ្ទៃដីនៅសល់ ត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងការអភិវឌ្ឍ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាងនេះទៅទៀត យើងបានផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ រួមទាំងវិនិយោគិន មកទស្សនាប្រទេសកម្ពុជាផងដែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសកម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួន ទៅ ជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទោះយ៉ាងណាក្តី ដំណើររបស់យើងនៅវែងឆ្ងាយទៀត។ យើងនៅមានផ្ទៃដីមានគ្រាប់មីនជាង ១.៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១ លាននាក់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបញ្ជាក់ឡើងវិញនូវការរួបរួមគ្នាក្រោម អនុសញ្ញាអូតាវ៉ា ដែលជាឯកសារដ៏សំខាន់រួម របស់មនុស្សជាតិ។ កម្ពុជាអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើងក្នុងបេសកកម្មនេះ ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សូមឱ្យយើងទាំង អស់គ្នាអនុវត្តការប្តេជ្ញាចិត្តនេះ មិនត្រឹមតែជាគោលដៅសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេប៉ុន្តែក៏ជាការសន្យា សម្រាប់អ្នកជំនាន់ក្រោយផងដែរ។ សូមឲ្យសន្និសីទនេះក្លាយជាឱកាសដ៏មានអត្ថន័យមួយ ដោយសេចក្ដីមេត្តា និងគោលបំណងរួមរបស់យើង នឹងចូលរួមកសាងពិភព លោកមួយដែលគ្មានគ្រោះថ្នាក់ដោយសារគ្រាប់មីន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរឱ្យ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ទទួលបានជោគជ័យ និងជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ទទួលបានការស្នាក់នៅក្នុងខេត្តសៀមរាប ប្រកបដោយក្តីសប្បាយរីករាយ ដែលជាទឹកដីនៃប្រាសាទអង្គរវត្តដ៏អស្ចារ្យ៕