លោកតាន់ គឹមសួរ បន្តបង្ហាញវត្តមាននៅឯទឹកដីខេត្ត មណ្ឌលគិរីដែលធ្វើឲ្យពួកឈ្មួញ និងជនដែលពាក់ព័ន្ធជាមួយផលប្រយោជន៍មួយចំនួន មិនសប្បាយចិត្តស្របពេលដែលលោកបានបង្ហោះ នៅលើបណ្ដាញសង្គមអំពីការរកឃើញគំនរឈើថ្មីៗក្នុងដែនជម្រកសត្វព្រៃស្រែពកនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ តែប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពកអះអាងថា ជាឈើចាស់មុនពេលដែលលោកចូលកាន់តំណែង រយៈពេលជិត១ឆ្នាំកន្លងមកនេះ។
តាមរយៈបណ្ដាញសង្គម លោកតាន់ គឹមសួរ សកម្មជនបរិស្ថាន បង្ហោះជាបន្តបន្ទាប់អំពីការរកឃើញគំនរឈើជាច្រើននៅក្នុងតំបន់អភិរក្សនានា នៃខេត្តមណ្ឌលគិរី។ វាមិនត្រឹមតែបង្ហាញអំពីវិនាសកម្មព្រៃឈើ នៅក្នុងដែនអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញអំពីកំសោយនៃការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធជំនាញមួយចំនួន លើបញ្ហាព្រៃឈើនេះទៀតផង។ នៅវេលាចុងក្រោយនេះទៀត លោកបានបង្ហោះអំពីការរកឃើញគំនរឈើដើមស្រឡៅជាច្រើនកំណត់ នៅក្នុងដែន ជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជាបន្តទៀត នៅក្នុងបេសកកម្មរបស់លោកនាទឹកដីខេត្ត មណ្ឌលគិរី។
លោកតាន់ គឹមសួរ សរសេរនៅក្នុងបណ្ដាញសង្គមថា ដើមស្រឡៅជាច្រើនដើមត្រូវបានឈ្មួញខិលខូចជួលឲ្យប្រជាជនកាប់រំលំ ដើម្បីរង់ចាំដឹកជញ្ជូនចេញទៅប្រទេសវៀតណាម។ ក្រោយពីពួកយើងរុករកប្រទះ ឃើញពួកយើងក៏ធ្វើការរាយការណ៍ទៅការិយាល័យដែនដើម្បីដឹកជញ្ជូនយកទៅរក្សាទុក និងស៊ើបឲ្យឃើញថាអ្នកណានៅពីក្រោយនៃការបំផ្លិចបំផ្លាញនេះ។
លោក វុធ សារុម ប្រធានការិយាល័យដែនជម្រកសត្វ ព្រៃស្រែពកបានឆ្លើយតបដោយទទួលស្គាល់ថាគំនរឈើនោះស្ថិតនៅក្នុងដែនអភិរក្សស្រែពកពិតមែន។ លោកបានបញ្ជាក់ថា”ឈើនោះគឺជាឈើដែលមន្ត្រីរបស់ខ្ញុំចាប់ តាំងពីថ្ងៃ១៣-១៤(វិច្ឆិកា)នោះមក”។ លោកបានបញ្ជាក់ថា ឈើនោះយូរណាស់មកហើយ តាំងពីលោកមិនទាន់មកកាន់តំណែងជាប្រធានការិយាល័យដែនជម្រកសត្វ ព្រៃស្រែពកនេះម៉្លេះ ដោយលោកទើបតែកាន់តំណែងនៅទីនោះបានរយៈពេល៩ ខែប៉ុណ្ណោះ។
ការលើកឡើងរបស់លោកវុធ សារុម ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពកនេះបញ្ជាក់ថា គំនរឈើនោះឬការកាប់បំផ្លាញព្រៃឈើនោះ បានកើតឡើងនៅគ្រា ដែលលោក ឆៅ ប៊ុនធឿន នៅកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ហើយប្រធានដែនជម្រកសត្វ ព្រៃស្រែពកឋិតលើដៃអ្នកផ្សេង។ ដូច្នេះមិនឋិតនៅលើការទទួលខុសត្រូវរបស់លោកនោះទេ។ ប៉ុន្តែលោកនិងមន្ត្រីក្រោមឱវាទទៅវិញទេ ដែលជាអ្នកចុះទៅបង្ក្រាបឬរកឃើញគំនរឈើនោះ ! ។
មជ្ឈដ្ឋាននានាពិបាកទទួលយកការបកស្រាយណាមួយ ពាក់ព័ន្ធនឹងការរកឃើញគំនរឈើ នៅក្នុងដែនអភិរក្សនានា ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌល គីរី។ អ្វីដែលគេចង់និយាយនៅទីនេះ គឺមហន្តរាយនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនអភិរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពិតជាកើតមានប្រាកដមែន។ វាមិនមែនជាឈើដែលគេអូសយកមកពីខេត្តផ្សេង ហើយយកទៅដាក់នៅទីនោះដើម្បីទម្លាក់កំហុសទៅលើមន្ត្រី នៅខេត្ត មណ្ឌលគីរីនោះឡើយ? ហើយគំនរឈើស្រឡៅនោះ គឺពិតជាឈើដែលបានកាប់នៅនឹងកន្លែងនោះប្រាកដមែនវាមិនមែនជាការកើតចេញពីការលុញឬសូន្យ ពីដីឥដ្ឋឲ្យក្លាយជាឈើនោះឡើយ។
មហាជនរំពឹងថា ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីអ៊ាង សុផល្លែត នឹងពិនិត្យមើលរឿងនេះឲ្យបានល្អិតល្អន់ ហើយហៅមន្ត្រីពាក់ព័ន្ធមកសួរនាំនិងអនុវត្តតាមច្បាប់ប្រទេសដែលមានស្រាប់ ដោយមិនលើកលែងនោះឡើយ៕