ខេត្តកោះកុង ៖ ជនជាតិចិនពីរនាក់ បានកើតជម្លោះប្រវាយ ប្រតប់ ដណ្ដើមកាបូបលុយគ្នា រួចហើយភាគីម្ខាង ក៏បានស្ទុះចាប់បានកាំបិត១ដើម ចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងទីតាំងកាសុីណូមួយកន្លែងយីហោ ឡុងបេ ស្ថិតក្នុង ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ឬហៅថា (តំបន់តារាសាគរ)។
ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១៨:៣០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ , ជនដៃដល់ឈ្មោះ លី រើយអាន (LI RUI AN) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន បានដកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះឈ្មោះ គួ អ៊ីយ៉ុង (QIU YIYONG) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនដូចគ្នា។
ជនរងគ្រោះ គួ អ៊ីយ៉ុង (QIU YIYONG) ត្រូវដៃគូជម្លោះចាក់ត្រូវពោះលើផ្ចិត បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពហុព្យាបាល មួយកន្លែង ស្ថិតក្នុងតំបន់តារាសាគរនោះដែរ។
តាមការបញ្ជាក់ពីមន្ត្រីសមត្ថិច្ច បានឱ្យដឹងថា ដើមចមពីដំបូងនៃអំពើរមនុស្សឃាតនេះ ជនរងគ្រោះបានឈ្លោះ ប្រកែកគ្នាជាមួយជនដៃដល់ ដោយខាងជនរងគ្រោះ បានប្រវាយប្រតប់គ្នា ដណ្តើមយកកាបូបលុយជាមួយជនដៃដល់ ហើយជនរងគ្រោះបានវាយតប់ទៅលើជនដៃដល់ឱ្យរងរបួសផងដែរ។ ដោយដឹងថា ខ្លួនទប់ទល់មិនឈ្នះជាមួយជនរងគ្រោះ ជនដៃដល់ក៏បានស្ទុះទៅយកកាំបិតចិតបន្លែ រួចចាក់ទៅលើជនរងគ្រោះតែម្តង។
សាក្សីអះអាងថា ភ្លាមៗនោះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកគិរីសាគរជាបន្ទាន់។ នេះជាករណីមនុស្សឃាតលើកទី ១ហើយ ដែលសមត្ថកិច្ចចាប់បានឃាតករ និងរកខុស ត្រូវនៅក្នុងកាស៊ីណូ ឡុងបេ នេះ ព្រោះកន្លងមកមានច្រើនករណីណាស់ដែលមានមនុស្សស្លាប់នៅក្នុងកាសុីណូមួយនេះ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញមូលហេតុច្បាស់លាស់ទេ, រី ឯការកខុសត្រូវ ក៏ស្ងាត់ដែរ។
គេស្ងើចថា ថៅកែកាសុីណូ ឡុងបេ មួយនេះ តែងតែប្រើលុយដើម្បីជម្លៀសសពចេញពីកន្លែងកើតហេតុ យកទៅដាក់នៅប៉ាឆាវត្ត មុនសមត្ថកិច្ចទៅដល់ រួចទើបហៅសមត្ថកិច្ចឱ្យទៅពិនិត្យនៅទីប៉ាឆាតែម្តងនិងបន្តជម្លៀស សពតាមរថយន្តសមត្ថកិច្ច ក្នុងតម្លៃខ្ពស់ យកទៅបូជានៅឯភ្នំពេញ ដើម្បីបង្វែរការចាប់អារម្មណ៍ពីមហាជន កុំឱ្យស្អុយឈ្មោះ កាស៊ីណូ ឡុងបេ របស់ខ្លួន៕