ព័ត៌មានជាតិ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ និងគោលការណ៍ណែនាំ៤ចំណុចលើកិច្ចការងារគ្រប់គ្រងលើវិស័យរ៉ែនៅកម្ពុជា

ទី១. ក្រសួងរ៉ែ និង ថាមពលត្រូវបន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្តានុពលធនធានរ៉ែ (Potential Mineral Map) និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ (Rare Earth) ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម ។ ជំរុញបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យទទួលបានលទ្ធផលល្អ ។

ទី២. ក្រសួងរ៉ែ និង ថាមពលត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណ ធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ ។

ទី៣. ក្រសួងរ៉ែ និង ថាមពល ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូលតាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និង អនាធិបតេយ្យ ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវ រាល់សកម្មភាពរ៉ែអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៤. ក្រសួងរ៉ែ និង ថាមពល និង ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្តុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែឱ្យបានម៉ឺងម៉ាត់ ។