ខេត្តតាកែវ ៖ ម្ចាស់មន្ទីរសម្រាប់ព្យាបាលនិងសម្ភព សុងហាក់មារីណាដែលមានទីតាំង នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវត្រូវកម្លាំងមានសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបាទីឃាត់ ខ្លួនពីបទមនុស្សឃាតដោយអចេតនា នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៦និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤មានករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់)នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរង គ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រីអាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទី លំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ត តាកែវបានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យដើម្បីឲ្យចាក់ ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ តាំងពីចេញពីផ្ទះរហូត ដល់យប់ជ្រៅមិនឃើញសមាជិកក្រុមគ្រួសារមកវិញ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញយូរពេក ក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាចេញទៅដើររកជនរងគ្រោះ រហូតដល់ម៉ោង២យប់រំលងអធ្រាតឈានចូលថ្ងៃទីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃខាងត្បូងភូមិឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនឃើញជនរងគ្រោះឡើយ។
លុះព្រឹកឡើងម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជន រងគ្រោះនិងក្មេងស្រីអង្គុយក្បែរសាកសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ក្រោយទទួលពត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទីនិងកម្លាំងនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់បញ្ជាក់ថា ជន រងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណាពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធីដោយទី១-ឈ្មោះហៀង សុងហាក់ ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរពេទ្យនិងទី២-ឈ្មោះស៊ុន ម៉ារីណា ភេទស្រីអាយុ៣៩ឆ្នាំមុខរបរពេទ្យ ធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ៕