សង្គម

ពិព័រណ៍ការងារតាមអនឡាញកាលពីចុងសប្តាហ៍នេះ ទទួលបានអ្នកចូលទស្សនារាប់ម៉ឺននាក់

ក្រសួងការងារបាន​ឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័ពរណ៍ការងារ និងផលិតភាពឆ្នាំ២០២០ ដែលធ្វើ​ឡើង​តាមរយៈប្រព័ន្ធអនឡាញកាលពីចុងសប្តាហ៍នេះ តាមរយៈ​គេហទំព័រ www.careerfair.nea.gov.kh ទទួលបាន​អ្នក​ចូលទស្សនារាប់ម៉ឺននាក់ ព្រមទាំង​មានការដាក់ពាក្យស្នើសុំការងារ យ៉ាងសន្ធឹកសន្ធាប់ផងដែរ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងការងារថា គិតត្រឹមម៉ោង៦:០០ ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកាដែលជាថ្ងៃបញ្ចប់នៃពិព័រណ៍ការងារអនឡាញនោះ មានមុខតំណែងចំនួន ៣៦៦ ដែលផ្តល់ឱកាសការងារទំនេរចំនួន ៥,៥២២ កន្លែង ត្រូវបានដាក់ពាក្យដោយអ្នកស្វែងរកការងារពីគ្រប់ទិសទី ស្មើនឹងចំនួន១,៥០៨ ប្រវត្តិរូប ពីក្នុងចំណោមអ្នកចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ព្រមទាំងអរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនទាំងអស់ដែលបានចូលរួមតាំងផ្សព្វផ្សាយ និងចូលរួមចំណែកការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដែលជំងឺកូវីដកំពុងបង្កហានិភ័យនេះ៕