សង្គម

តើមាននរណាខ្លះជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្រោយវាំងននបើកដោយលោកតាន់ គឹមសួរ នៅខេត្តមណ្ឌលគិរី

លើបណ្ដាញសង្គមលោកតាន់ គឹមសួរ បានឲ្យដឹងថាជនដែលពាក់ព័ន្ធករណីដឹកគ្រឿងសង្ហារឹម ហើយត្រូវលោកនិងមន្ត្រីមានសមត្ថកិច្ចចុះទៅបង្ក្រាប កាលពីថ្ងៃមុន នៅស្រុកកែវសីមានោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនហើយ។ លោកបានសរសេរថា ឈ្មួញឈើដ៏ធំ ដែលល្បីឈ្មោះខ្លាំងនៅខេត្តមណ្ឌលគិរី យាយខុម និងប្តីឈ្មោះចក់ត្រូវបានចាប់ឃាត់ខ្លួនដាក់ក្នុងពន្ធនាគារ ខេត្តមណ្ឌលគិរីហើយផ្ទះនៅជាប់របងពន្ធនាគារស្រាប់ មិនពិបាកសាច់ ញាតិសួរសុខទុក្ខ។ ឈ្មួញឈើផ្សេងៗជាច្រើនទៀតកំពុងតែស្វែងរកចាប់ខ្លួនដូចគ្នា។ យុត្តិធម៌សម្រាប់ធម្មជាតិត្រូវតែមាន អស់លោក លោកស្រីបំផ្លាញធម្មជាតិកម្រិតណា ធម្មជាតិតបស្នងវិញកម្រិតហ្នឹង។

ជាបន្តបន្ទាប់លោកបានស្រាវជ្រាវរកឃើញកំណត់ឈើជាច្រើនដុំ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីជាពិសេស នៅក្រោយផ្ទះប្រជាពលរដ្ឋក្បែរដែនជម្រកសត្វព្រៃនានា ។ លោកតាន់ គឹមសួរសរសេរនៅលើបណ្ដាញfacebook ថា ជិតដាច់ខ្យល់ហើយខ្ញុំដេកមិនគ្រប់ជិត១០ថ្ងៃហើយ ថ្ងៃមិញនៅសុខៗហូរឈាមច្រមុះដោយមិនដឹងខ្លួន។ លោកអើយ ពិតជាមិនដែលឃើញបទល្មើសព្រៃឈើនៅ កន្លែងណាច្រើនយ៉ាងសម្បើមដូចនៅខេត្តមណ្ឌលគិរីនេះទេ គ្រប់រូបភាពមានដឹកតាមម៉ូតូ មានដឹកតាមឡាន សាំយ៉ុងមានអាដឹកតាមឡានធំៗ ធំតាមធំតូចតាម តូច ជាពិសេសបទល្មើសនាំឈើចេញទៅប្រទេសវៀតណាម ។ ឆ្ងល់អើយសែនឆ្ងល់ មានស្ទើរតែគ្រប់ស្ថាប័ន មានមន្ត្រីចាំយាមស្ទើរតែគ្រប់ទីកន្លែង មានទាំងគយចល័ត និងមិនចល័ត បទល្មើសព្រៃឈើនៅតែអាចចរាចរបានយ៉ាងរលូន។

ក្នុងឱកាសចុះទៅបង្ហាញគំនរឈើ នៅឯស្រុកកែវសីមាកាលពីថ្មីៗនេះលោកបានសរសេរនៅលើបណ្ដាញសង្គមដែរថា រូបភាពចាស់លាយរូបភាពថ្មី ថតនៅតំបន់តែមួយ គឺនៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី តែថ្ងៃខុសគ្នាតែ២ ៣ថ្ងៃតែប៉ុណ្ណោះ។ បងប្អូនឃើញរូបភាពទាំងនេះហើយ ថា មើលតើព្រៃឈើនៅខេត្តមណ្ឌលគិរីនេះនឹងអាចសល់ទៀតទេ បើនៅតែបណ្ដែតបណ្ដោយ ហើយទទួលស៉ីលុយបទល្មើសបែបនេះ?

លោកបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដល់ដំណឹងអំពីទីតាំងលាក់ទុកឈើ ឬបទល្មើសព្រៃឈើនៅក្នុងខេត្ត មណ្ឌលគិរីនេះដើម្បីលោកបានចុះទៅប្រមូលភស្តុតាងជូនថ្នាក់ដឹកនាំ។ លោកបានសរសេរថា នេះគឺជាឱកាសដែលបងប្អូនស្រលាញ់ធនធានធម្មជាតិ និងមានការខ្វាយខ្វល់ពិតប្រាកដនៅខេត្តមណ្ឌលគិរីនេះក្រោកឈរដើម្បីចូលរួមជាមួយគ្នាក្នុងការកម្ចាត់នូវខ្មូតស៉ីឈើទាំង អស់នោះឲ្យអស់។ ខ្ញុំដឹងថាបងប្អូនធ្លាប់ទទួលរងនូវសម្ពាធ និងការគម្រាមជាច្រើន តែនេះគឺជាឱកាស បើបងប្អូនមិនចូលរួមពេលនេះ តើចាំអស់ព្រៃហើយ ទើបស្ដាយក្រោយ តាមក្រោយឬយ៉ាង?

បើតាមប្រភពក្រៅផ្លូវការបានឲ្យដឹងថា មានឈ្មួញនិងមន្ត្រីប្រហែល៧-៨ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីហើយត្រូវលោកតាន់ គឹមសួរធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយ។ មជ្ឈដ្ឋានជា ច្រើនកំពុងចោទសួរអំពីឥទ្ធិពលរបស់លោកតាន់គឹមសួរថាតើគាត់កំពុងធ្វើការក្នុងនាមជាអ្វី? ធ្វើការឲ្យនរណា? យ៉ាងណាក៏ដោយគេសង្កេតឃើញថា អ្វីដែលលោកតាន់គឹមសួរ បាននិងកំពុងធ្វើគឺហាក់ដូចជាបានបកអាក្រាតចំណុចអសកម្មមន្ត្រីពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរី ជាច្រើនស្ថាប័ន។ មន្ត្រីជំនាញពាក់ព័ន្ធស្ទាក់ទ័រក្នុងការធ្វើអត្ថាធិប្បាយជុំវិញអ្វីដែលលោកតាន់ គឹមសួរបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនោះ៕