សង្គម

អភិបាលក្រុងអរិយក្សត្របញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសំណង់រឹងមាំសង់រំលោភចូលដីមាត់ព្រែក និងដីចំណីស្ពានព្រែកដូនគឹម

កណ្ដាល៖ បន្ទាប់ពីបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា «លោក ឈាន ម៉ាណ្ណារី បានសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមជាយូរឆ្នាំមកហើយ គ្មានអាជ្ញាធរមូលដ្ឋានរូបណាហ៊ានចេញមុខបង្ក្រាប ខណៈលោកមានតួនាទីជាអនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯម»។

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យលោក ជា ហ៊ោ អភិបាលរងក្រុងដឹកនាំក្រុមការងារថ្នាក់ក្រុង និងអាជ្ញាធរសង្កាត់ ចុះត្រួតពិនិត្យសំណង់រឹងមាំមួយកន្លែងដែលបានសាងសង់រំលោភចូលដីមាត់ព្រែក និងដីចំណីស្ពានព្រែកដូនគឹម ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជាលទ្ធផលម្ចាស់សំណង់ខាងលើបានទទួលស្គាល់ថាខ្លួនពិតជាបានសាងសង់សំណង់រឹងមាំចូលដីមាត់ព្រែកដូនគឹមពិតប្រាកដមែន។ ម្ចាស់សំណង់ខាងលើបានសន្យាថា បើរដ្ឋត្រូវការអភិវឌ្ឍក្នុងតំបន់នេះ ខ្លួននឹងចូលរួមសហការប្រគល់ជូននូវដីមាត់ព្រែកខាងលើវិញ មិនមានការតវ៉ាអ្វីឡើយ។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យខាងលើនេះ ក៏មានការចូលរួមពី លោក យ៉ុន មករា នាយករងរដ្ឋបាលក្រុង, លោក អុន សារ៉ាត់ ប្រធានការិយាល័យនីតិកម្ម និង សម្រុះសម្រួលវិវាទមូលដ្ឋានក្រុង, លោក ពៅ ធិន ប្រធាន ការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍ សហគមន៍, លោក យក់ សំអឿន អនុប្រធានការិ.សាធារណៈការក្រុងអរិយក្សត្រ, លោក គឹម ឌីលីស អនុប្រធានការិ.ដ.ន.ស.ភ ក្រុង និងមន្រ្តី, លោក លាប មករា អនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង,លោក កង លាង ក្រុមប្រឹក្សាសង្កាត់សារិកាកែវ, លោក ម៉ៃ សំណាង ក្រុមប្រឹក្សាសង្កាត់សារិកាកែវ, លោក ម៉េង សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសារិកាកែវ និសហការី, លោក អាន សម្បូរ មេភូមិក្តីកណ្តាល និងភាគីពាក់ព័ន្ធ។
គួរជម្រាបថា បើតាមលោក ឈាន ម៉ាណ្ណារី នៅរសៀលថ្ងៃទី១៨ ខែវិច្ឆុកា ឆ្នាំ២០២៤ បានបំភ្លឺនិងអះអាងឲ្យបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងយ៉ាងដូច្នេះដែរថា ការសាងសង់ខាងលើនេះមិនបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវទឹក និងចរាចរផ្លូវគោកឡើយ។ ដោយលោកបន្ថែមថា ក្រុមគ្រួសាររបស់លោកសូមសន្យាថា ប្រសិនបើរដ្ឋធ្វើការអភិវឌ្ឍក្នុងតំបន់នេះ គ្រួសាររបស់លោកមិនជំទាស់ឡើយ។

ជុំវិញករណីនេះទៀតលោក ឈាន ម៉ាណ្ណារី បានបំភ្លឺឲ្យដឹងបន្ថែមទៀតពីប្រវត្តិដីរបស់លោកស្រី វ៉ាន ណារ៉ា ដែលត្រូវជាប្រពន្ធរបស់លោកថា «ក្នុងអំឡុងឆ្នាំ១៩៨០-១៩៨១ រដ្ឋអំណាចបានចែកដីនេះមកឲ្យពីរគ្រួសារ ក្នុងនោះមានគ្រួសារ លោក ឱ វ៉ាន និងលោកស្រី វ៉ាត វាន្នី ត្រូវជាម្តាយរបស់លោកស្រី វ៉ាន ណារ៉ា ហើយគ្រួសាររបស់លោកបានសាងសង់លំនៅដ្ឋានជាផ្ទះឈើ។ ក្នុងកំឡុងឆ្នាំ១៩៩៥ ដោយគ្រួសារទាំងពីរជាបុគ្គលិករដ្ឋ ដូច្នេះរដ្ឋអំណាចបានចែកដីមួយកន្លែងទៀតជូនទៅលោក ឱ វាន ដើម្បីបំបែកគ្រួសារ។ លុះរហូតដល់ក្នុងអំឡុងឆ្នាំ១៩៩០ ដោយសារច្រាំងបាក់ខ្លាំងពេកទើបគ្រួសាររបស់លោកបានកាប់ដើមឬស្សី និងដើមឈើមកទប់ច្រាំងនោះ ដើម្បីកុំឲ្យបាក់ដល់លំនៅដ្ឋានពួកគាត់។

លោកអនុប្រធានការិយាល័យភូមិបាលស្រុកល្វាឯមបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩៥ ដោយសារឬស្សីនិងឈើពុកបាក់ទើបគ្រួសាររបស់លោករៀបចំជួសជុលឡើងវិញដោយប្រើឥដ្ឋ១០។ ហើយនៅក្នុងអំឡុងឆ្នាំ២០០៨ ក្រុមគ្រួសាររបស់លោកបានរុសរើផ្ទះឈើ មកសាងសង់ផ្ទះថ្មវិញ។ លុះកំឡុងឆ្នាំ២០១៧-២០១៨ ច្រាំងបានបាក់ម្តងទៀតទើបគ្រួសាររបស់លោកបានសម្រេចចិត្តជួសជុលម្តងទៀតដោយខ្នងចាក់គ្រឹះរឹងមាំមកដល់សព្វថ្ងៃ៕