ឯកឧត្តម ប៊ូ ជុំសេរី អនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសបានមានប្រសាសន៍ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ចំពោះគូពិសេស ត្រូវបានគណៈកម្មការបច្ចេកទេសរៀបចំឱ្យមានការប្រកួតនៅឆ្នាំនេះចំនួន ១២៦ទូកជាគូពិសេស ដោយកំណត់ការឈ្នះជាថិរៈវេលា ហើយឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេល ៣ថ្ងៃ គណៈកម្មការបច្ចេកទេស គណៈមេប្រយោគ ដែលបានរកឃើញទូកដែលមានល្បឿនលឿនជាងគេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រចាំឆ្នាំ២០២៤មានចំនួន ៣ទូក គឺចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ តេជោកែវវិជ័យបារមីចៅសែន ពាក់ស្លាកលេខ ១៧២ ចំណុះ ៧៥ទូក មកពីខេត្តពោធិ៍សាត់ ធ្វើសម្រចក្នុងថិរៈវេលាសរុប ២៨:០៩:៩៨ (៣ថ្ងៃ ស្មើ៦ជើង), ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សារាយអណ្តែតតេជោសែនជ័យ ពាក់ស្លាកលេខ ២៩០ ចំណុះ៧៧នាក់ មកពីខេត្តកណ្តាល ធ្វើសម្រេចក្នុងថិរៈវេលា ២៨:១៦:០៦។ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ កោះកេរធិបតី ពាក់ស្លាកលេខ ២៩៦ ចំណុះ៧៧នាក់ មកពីខេត្តព្រះវិហារ ធ្វើបានក្នុងថិរៈវេលា ២៨:១៩:៨៧។
ជាមួយគ្នានេះ ជ័យលាភីទូកសោភណភាព គឺក្រោយពីការវាយតម្លៃពីគណៈកម្មការបច្ចេកទេស គឺទូកដែលមានក្បូរក្បាច់រចនា មានបទវិន័យបានល្អ គោរពបាននូវសេចក្តីថ្លៃថ្នូរប្រកបដោយគុណតម្លៃវប្បធម៌ ប្រពៃណីជាតិល្អប្រសើរជាងគេ គឺទទួលបានជ័យលាភីចំនួន៣ទូក គឺចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ទ្រីភាពឧត្តមសែនជ័យបារមីទេពី មកពីខេត្តកំពង់ឆ្នាំង ពាក់ស្លាកលេខ ២៩៧ ចំណុះ៧៩នាក់, លេខ២ ទូកឈ្មោះ នរិន្ទរង្សីពិជ័យចិត្របុត្រ ពាក់ស្លាកលេខ ២៧៦ ចំណុះ៧៥នាក់ មកពីខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣ ទូកអុំបុរស ឈ្មោះ ឌួងសូរិយាបុប្ជាស្ទឹងសែនបារមីក្តីដូង មកពីខេត្តកំពង់ធំ។
ឯកឧត្តម ប៊ូ ជុំសេរី បានវាយតម្លៃ និងសន្និដ្ឋានថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ គណៈកម្មការបច្ចេកទេសសង្កេតឃើញថា ដោយសារម្លប់សន្តិភាពពេញលេញ និងពិតប្រាកដ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកជាទីគោរពដ៏ខ្ពង់ខ្ពស់បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាបានស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះកាន់តែអធិកអធម ដែលបង្ហាញពីការបញ្ជាក់ពីការគាំទ្រ និងភាពជឿជាក់យ៉ាងមោះមុតចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕