ព័ត៌មានជាតិ

សំណាញ់ច្បាប់ទាក់ក លោកឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ និងលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន សម្រេចឃាត់ខ្លួនលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ដោយបានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ។ បន្ទាប់ពីបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពី អភិបាល ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះដែរ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងតាម រយៈ គ្រូមា លី សាម៉េតនិងលោក ឡាច សំរោង ក៏ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងដែរ។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្តពេញថ្លើមចំពោះ ចំណាត់ការរបស់ស្ថាប័នយុត្តិធម៌ ដែលគេមើលឃើញថា ជាការបោស សម្អាត អំពើពុករលួយមួយដ៏មានឥទ្ធិពលជាពិសេសការកាត់ផ្ដាច់ឫសគល់អំពើពុករលួយ ពោល គឺមិនមែនត្រឹមតែអ្នកទទួលសំណូកនោះទេ ផ្ទុយទៅវិញអ្នកសូកក៏មានទោសដែរ។

សេចក្តីរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន ៥៧ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈគ្រូមា លោក លី សាម៉េត និងលោក ឡាច សំរោង។ អង្គភាពប្រឆាំងអំពើ ពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ជោគវាសនារបស់លោកឡាយ វិសិដ្ឋ ត្រូវគេមើលឃើញថា មិនខុស ពីគ្រូមានិងអ្នកមុនៗ នៅក្នុងសំណុំនរឿងជាមួយលោកលី សាម៉េត នោះដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេច ឃាត់ខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការរួចហើយ។ អ្វីដែលប្រជាពលរដ្ឋចង់ឃើញនោះ គឺការក្តោបមួយសំណាញ់ដ៏ធំនេះ ប្រមូលបានជនពាក់ព័ន្ធដទៃទៀតយកទៅផ្ដន្ទាទោសតាមច្បាប់។ អ្នករត់គេចខ្លួនឬមិនទាន់ចាប់បានមានដូចជាលោកឡាច សំរោង ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះ អាចចាត់ទុកជាមេ គំនិតធំម្នាក់ផងដែរ។

ករណីដូចគ្នា នឹងលោកអភិបាលរងខេត្តពោធិ៍សាត់និងជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាតប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ឡាយ វិសិដ្ឋ ជះលុយ៧៥ម៉ឺនដុល្លារតាម រយៈលោកគ្រូមា លី សាម៉េតនោះ គឺអតីតអភិបាលស្រុក ល្វាឯម លោកកន សុខកាយ ក៏បានជះលុយ៣០ម៉ឺនដុល្លារប្រាថ្នា តំណែងអភិបាលក្រុងអរិក្សត្រដូចគ្នានេះដែរ៕