នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ មនុស្សចំនួន ១៧៣០នាក់ ដែលពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ត្រូវតម្រូវឲ្យធ្វើតេស្តលើកទី៣ ដើម្បីរកវីរុសកូវីដ១៩។
សូមបញ្ជាក់ថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ត្រូវបានរកឃើញមានវីរុសកូវីដ-១៩ នៅប្រទេសថៃ ក្រោយពីលោកបានបញ្ជប់ដំណើរទស្សនកិច្ចនៅកម្ពុជា។
អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវគេរកឃើញសរុបចំនួន ២៥៥៣នាក់ ដោយក្នុងនោះមានមនុស្ស ១៧៣៤នាក់ បានធ្វើតេស្តលើកទី១ និង ៨១៩នាក់ បានធ្វើតេស្តលើកទី២។ ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩៕