ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត និងគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ

“អ្នកសារព័ត៌មានមានកាតព្វកិច្ចផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដោយគោរពអោយបាននូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី សន្និសីទថ្នាក់ជាតិស្តីពី៖ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ដើម្បីទទួលបានប្រជាប្រិយភាព អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានានូវភាពថ្លៃថ្នូរ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ជាមួយមនសិការការពារផលប្រយោជន៍សាធារណៈ និងសង្គមជាតិ។

បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ថា៖ “អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានដែលមិនពិត ព័ត៌មានបំភ័ន្ត និងបំផុសក្នុងចេតនាអាក្រក់ណាមួយដែលអាចបង្កភាពចលាចល ឬការបែកបាក់ក្នុងសង្គមជាតិយើង។ អ្នកសារព័ត៌មាន ក៏ត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្តល់ព័ត៌មានពិត ជូនសង្គមជាតិ និងសាធារណជន”។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តទៀតថា ក្រសួងព័ត៌មានបានខិតខំរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ដូចជាការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលដៅឱ្យអ្នកសារព័ត៌មានកម្ពុជាទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់គុណភាព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយអ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាននោះឡើយ៕