សង្គម

ជនជាតិវៀតណាមកេនកម្លាំងមករំដោះជនសង្ស័យម្នាក់នៅក្នុងពន្ធនាគារខេត្តស្វាយរៀងបានសម្រេច

ស្វាយរៀង៖ បុរសជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀង ទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះខាងពន្ធនាគារខេត្តស្វាយរៀង ហាក់ដូចជាកំពង់ព្យាយាមលាក់បាំង។

ករណីជនសង្ស័យជនជាតិវៀតណាមរត់រួចនេះ បានកើតឡើងនៅវេលាម៉ោង ០៤និង ២៥នាទីរសៀល ថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្ត ស្វាយរៀង ស្ថិតភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចខ្សិបថា ក្រោយមកកម្លាំងការិយាល័យព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងនគបាលពន្ធនាគារខេត្ត ចុះស្រាវជ្រាវរកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង ៣០ នាទីល្ងាចថ្ងៃទី២៨ ខែតុលា បានកំណត់ទីតាំងមុខ សញ្ញាស្នាក់នៅ ហើយសមត្ថកិច្ចបានដឹកនាំកម្លាំធ្វើការឡោមព័ទ្ធផ្ទះសំណាក់ ចំនួន២ ទី១-ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២.ផ្ទះសំណាក់ សុខហេង។

ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផលបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់(ស្រី២នាក់)យកទៅសាកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង ៣នាក់នេះ បានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ កន្លះខែមកហើយ និងបានយកបាយម្ហូបឲ្យជនសង្ស័យនៅក្នុងពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ។ ចំណែកជនជាតិវៀតណាមចំនួន២នាក់(ស្រីម្នាក់) បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅ ១អាទិត្យ សមត្ថកិច្ចដាក់ការសង្ស័យថា ជាជនសង្ស័យទៅរំដោះ ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះ អាសន្នក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿង ញៀននិងរក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់ដែល ប្រព្រិតនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជាប្រពន្ធរបស់ជនសង្ស័យជាឧក្រិដ្ឋជន ដែលជាប់ក្នុងពន្ធនាគារ ខេត្តត្រូវជនសង្ស័យម្នាក់ទៅរំដោះចេញពីពន្ធនាគារ ឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់បង្ហើបប្រាប់អ្នកសារព័ត៌មានថា មុនដំបូងមានជនជាតិវៀតណាមភេទប្រុសម្នាក់ បានមកសុំមន្ត្រីនគបាលយាមពន្ធនាគារសុំជួបសួរសុខទុក្ខជនសង្ស័យ មន្ត្រីយាមពន្ធនាគារបាន នាំជនសង្ស័យពីក្នុងពន្ធនាគារ ឱ្យទៅទ្វារពន្ធនាគារខាង មុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វាខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ។ ពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះរួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារតែអត់ផ្ទុះ ខណៈនោះជនសង្ស័យទាំងពីរបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រីពន្ធនាគារម្នាក់ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយ ក៏មានមន្ត្រីនគរ បាលម្នាក់ស្រែកថា វាមានកាំភ្លើងប្រយត្ន័ ខណៈនោះមន្ត្រីនគបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ដែលជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបានមើលរូបតាមកាម៉ារាសុវត្ថិភាពឃើញជន សង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។

បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់ រយៈពេលកន្លះខែមកហើយគឺតាំងបុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នក ជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។ ចំពោះជនជាតិវៀតណាមស្រីប្រុស២នាក់ មកស្នាក់នៅបាន ១អាទិត្យ ក៏បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។ ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃ ទី២៩តុលានេះថា នេះជាការសោកស្តាយ ចំពោះភ្ញៀវបរទេស(ជនជាតិវៀតណាមមកស្នាក់រយៈពេល០៧ថ្ងៃ) ហើយមិនបានថតប៉ាស្ព័យភ្ញៀវជនជាតិវៀតណាមទាំង ពីរនាក់ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេ គឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោងមិនបានថតប៉ាសស្ព័រទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។

លោកប្រធានពន្ធនាគារខេត្តស្វាយរៀងមានប្រសាសន៍តាមទូរសព្ទ័នារសៀលនេះថា លោកមិនអាចផ្តល់ព័ត៌មានបានទេ សមត្ថកិច្ចកំពុងធ្វើការ៕