សង្គម

សភាបើក​សម័យ​ប្រជុំ​លើកទី៤ នីតិកាលទី៦ ប៉ុន្តែមិន​អញ្ជើញ​តំណាង​រាស្រ្ត និង​ភ្ញៀវ​ចូលរួម​ទេ ដើម្បីទប់ស្កាត់​ការ​រាលដាលជំងឺកូវីដ​១៩

បើតាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០នេះ រដ្ឋសភាជាតិ​នឹង​បើក​សម័យ​ប្រជុំលើកទី៤ នីតិកាលទី៦ ក្រោយ​ពី​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៣ បានបិទកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ​២០២០, តែ​ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ការរីករាលដាល នៃជំងឺកូវីដ​១៩ គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា សម្រេច​មិន​អញ្ជើញ​តំណាង​រាស្រ្ត និង​ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ ចូលរួម​ក្នុង​ពិធី​បើក​នេះទេ។

យ៉ាងណាក៨ដោយ ដើម្បីរាយការណ៍​ជូនអង្គសភា និង​សាធារណជនជាតិ និង​អន្តរជាតិ​បាន​ជ្រាបពី​សកម្មភាព​សំខាន់ៗ​របស់​រដ្ឋសភា រដ្ឋសភា​ជាតិសម្រេច​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវព្រះរាជសារ​ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា និង​របាយការណ៍​របស់​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៣ និង​លើកទី៤ នីតិកាលទី៦ តាមរយៈ គេហទំព័រ​របស់​រដ្ឋសភា nac.org.kh និង​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា៕